(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចូលឈ្លានពានអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ មិនមែន​ដើម្បីនាំ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់ប្រជាជនអ៊ីរ៉ាក់នោះទេ តែក្នុងគោល​បំណងផ្ដួលរំលំ​របបប្រធានាធិបតី លោក សាដដាំ ហូស្សេន (Saddam Hussein)​ តែប៉ុណ្ណោះ។ នេះបើតាម​អតីតទីប្រឹក្សា​សន្តិសុខជាតិ និងរដ្ឋមន្ត្រីការបរទេសអាមេរិក​លោកស្រី Condoleezza Rice ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​ជំនួបមួយ​នៅឯវិទ្យាស្ថាន Brookings Institution ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន អតីតទីប្រឹក្សា​សន្តិសុខជាតិ និងរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជំនាន់អតីត​ប្រធានាធិបតី George W. Bush លោកស្រី Condoleezza Rice បាននិយាយ​ដូច្នេះថា ​«យើងមិនមែនចូល​ក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បី នាំប្រជាធិបតេយ្យ​ដល់ប្រជាជនអ៊ីរ៉ាក់​នោះទេ តែគឺដើម្បី​ផ្ដួលរំលំរបបដឹកនាំ Saddam Hussein ​...ហើយនេះ​គឺបានបង្កជា​បញ្ហាសន្តិសុខ»។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Rice បានបដិសេធថា​ សហរដ្ឋអាមេរិក​មិនបានប្ដេជ្ញាចិត្ត​ប្រើប្រាស់​កម្លាំងយោធា ក្នុងការនាំយក​លទ្ធិប្រជាធិបតេយ្យ នៅអ៊ីរ៉ាក់​កាលពី​ឆ្នាំ២០០៣ ឬក៏​អាហ្វហ្គានីស្ថាន នៅពេលដែល​ខ្លួនគ្រប់គ្រង​ប្រទេសមួយនេះ ក្នុងឆ្នាំ២០០១ឡើយ។
«ខ្ញុំមិនដែលប្រាប់ឱ្យលោក​ប្រធានាធិបតី Bush ប្រើប្រាស់​កម្លាំងយោធា ដើម្បីដាក់​លិទ្ធិប្រជាធិបតយេ្យ​នៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន​នោះទេ»។ នេះបើតាម​សម្ដី​លោកស្រី Condoleezza Rice។

គួររំលឹកថា កាលពីឆ្នាំ២០០៣ សហរដ្ឋអាមេរិក​បានចូល​ឈ្លានពានអ៊ីរ៉ាក់ ក្រោមហេតុផល​រដ្ឋាភិបាល Saddam Hussein មានអាវុធ​នុយក្លេអ៊ែរ ប៉ុន្តែក្រោយរបប Saddam Hussein ដួលរលំគេមិនបានរក​ឃើញអាវុធ​នុយក្លេអ៊ែរ​នោះទេ។ ជាងនេះទៅទៀត បើតាមសារព័ត៌មាន​ជាច្រើន នៅពេលនោះ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិក CIA ក៏បាន​ប្រាប់លោក Bush​ ដែរថា អ៊ីរ៉ាក់គ្មាន​អាវុធ​នុយក្លេអ៊ែរឡើយ តែប្រធានាធិបតី​អាមេរិករូបនេះ​នៅតែបញ្ជា​ឱ្យ CIA សរសេរ​នៅក្នុងរបាយការណ៍​របស់​ខ្លួនថា អ៊ីរ៉ាក់​របស់ Saddam Hussein មានអាវុធ​នុយក្លេអ៊ែរ​ដដែល ត្បិត នៅក្នុងកែវភ្នែក​របស់ លោក Saddam Hussein គឺជាអ្នកបញ្ឆេះចលនា​ជាតិនិយម​អារ៉ាប់ ដែលនេះនឹងក្លាយជា​ឧបសគ្គដ៏ធំ​ ដល់ការពង្រីក​ឥទ្ធិពលអាមេរិក នៅក្នុងតំបន់​មជ្ឈិមបូព៌ា៕