(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានសម្រេចលក់​សព្វាវុធ​ដែលមានតម្លៃ​សរុប​ប្រហែល​ពីរពាន់លានដុល្លារ ទៅឲ្យ​​ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម (UAE) ។ នេះបើតាមការ​ឲ្យដឹងពីក្រសួង​ការពារជាតិអាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ិនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​សេចក្តីថ្លែងការណ៍​របស់ ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ នៃមន្ទីរបញ្ចកោណ ដែលមាននាទី​មើលការខុសត្រូវ​ចំពោះការលក់​អាវុធ​ទៅឲ្យបរទេស របស់ប្រទេស​មហាអំណាច​ពិភពលោក​មួយនេះ ក្រសួងការបរទេស​អា​មេរិក បានឯកភាពចំពោះការលក់មីស៊ីល PAC-3 ចំនួន៦០គ្រាប់ និងមីស៊ីល GEMT-T ចំនួន១០០គ្រាប់ទៅឲ្យ UAE។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង អេមីរ៉ាត់ អារ៉ាប់រួម បានក្លាយ​សម្ព័ន្ធមិត្ត​នយោបាយ ក៏ដូចជាដៃគូពាណិជ្ជកម្មដ៏ជិតស្និទ្ធនឹង​គ្នា អស់រយៈពេលជាច្រើន​ទសវត្សរ៍មកហើយ។ UAE គឺជាសមាជិក​នៃកម្លាំងចម្រុះដឹកនាំ​ដោយអាមេរិក ប្រឆាំងទៅនឹង​ក្រុម​សកម្ម​ប្រយុទ្ធ ISIS ខណៈទីក្រុង​វ៉ាស៊ីនតោន ក៏ជួយគាំទ្រដល់​កងម្លាំងចម្រុះ​ដឹកនាំដោយ អារ៉ាប៊ី សាអូឌីត ដែលមាន UAE នៅក្នុង​នោះដែរ​ ដើម្បីប្រឆាំងនឹង​ក្រុមឧទ្ទាម Houthi នៅក្នុងប្រទេស​យេម៉ែន៕