(ស៊ីរី)៖ យោងតាមរបាយការណ៍​ចុងក្រោយបំផុត របស់អង្គការ​អន្តរជាតិ វិបត្តិសង្រ្គាម​ដ៏បង្ហូរឈាម នៅក្នុងប្រទេសស៊ីរី​បាន​បន្សល់​ទុកមនុស្ស​ចន្លោះពី ៣២១,០០០នាក់ដល់ ៤៧០,០០០នាក់​បាត់បង់ជីវិត និងប្រមាណ ១១លាននាក់ស្ថិត​ក្រោមការ​ភៀសខ្លួន ទាំងទៅក្រៅប្រទេស និងក្នុងប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន News Week នៅព្រឹក​ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

អង្គការឃ្លាំមើលសិទ្ធិ​មនុស្សនៅស៊ីរី ដែលមានមូលដ្ឋាន​ក្នុងចក្រភព​អង់គ្លេស​បានឲ្យដឹងថា មនុស្សចំនួន ៣២១,០០០នាក់ រួមានប្រជាជន​ស៊ីវិល ៩៦,០០០នាក់ បានបាត់បង់​អាយុជីវិត ដោយសារតែ​ជម្លោះដ៏រ៉ាំរ៉ៃ​ នៅក្នុងប្រទេស​នៃតំបន់​មជ្ឈិមបូព៌ា​​មួយនេះ ដែលបានផ្ទុះ​ឡើងកាលពី ០៦ឆ្នាំមុនមកម្ល៉េះ ខណៈមនុស្ស​ចំនួន ១៤៥,០០០នាក់ផ្សេងទៀត​ត្រូវបានរាយការណ៍ថា ​បាត់​ខ្លួន។

ដោយឡែកប្រជាជន​ស៊ីរីជាង ១១លាននាក់ ដែលស្មើនឹង ៥០ភាគរយ នៃចំនួនប្រជាជនស៊ីរីសរុប​នៅមុនពេល​​ផ្ទុះសង្រ្គាម កំពុង​ស្ថិតក្នុង​ការភៀសខ្លួន ដោយនៅក្នុង​ចំណោមនោះ​ មនុស្សប្រហែល ៤.៨លាននាក់ ត្រូវបានបង្ខំ​ឲ្យស្វែករកកន្លែង​សុវត្ថិភាព​នៅ​តាមបណ្តាប្រទេស​ជិតខាង ស្របពេលដែល​នៅក្នុងប្រទេស​ស៊ីរីផ្ទាល់ ប្រជាពលរដ្ឋជាង ៦.៣លាននាក់បាន​បាត់បង់​ទីជម្រក​ដើមរបស់ពួកគេ។

គួរបញ្ជាក់ថា សង្រ្គាមបង្ហូរ​ឈាមនៅក្នុង​ប្រទេសមជ្ឈិមបូព៌ា​មួយនេះ បានចាប់ផ្តើមឡើង​ជាមួយការធ្វើ​បាតុកម្មប្រឆាំង​រដ្ឋាភិ​បាល ដោយសំដៅចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ដែលល្អប្រសើរ​ជាងមុន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១។ នៅពេល​នោះ​​រដ្ឋាភិបាលបាន​ធ្វើការបង្រ្កាប​យ៉ាងសាហាវព្រៃផ្សៃ​ ទៅលើក្រុមអ្នកតវ៉ា ហើយក្រុម​ឧទ្ទាមប្រដាប់អាវុធ​ក៏បានចាប់ផ្តើម​ងើប​ឈរ​​តបត​ទៅវិញ។ មួយវិញទៀតវា​បានផ្តល់កំណើត​ក្រុមភេរវករ ISIS នៅក្នុង​ប្រទេសស៊ីរីរួមទាំង​ការប្រើប្រាស់​អាវុធគីមី ភាព​អត់ឃ្លាន ការធ្វើទណ្ឌកម្ម​ដ៏ឃោរឃៅ និងការប្រហារ​ជីវិតជាដើម៕