​(វ៉ាស៊ីនតោន)៖​ នាយកស្ដីទី FBI លោក Andrew McCabe បានប្រាប់សភា​អាមេរិកថា ការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស់​ក្នុងការបញ្ចប់តួនាទី នាយក FBI លោក James Comey​ នឹងមិនធ្វើ​ឱ្យរាំងស្ទះ​ដល់ការស៊ើបអង្កេត​ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីលូកដៃ​ចូលក្នុងកិច្ចការ​បោះឆ្នោត អាមេរិកកាល​ពីឆ្នាំ២០១៦ នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ការលើក​ឡើងបែបនេះ​របស់លោក Andrew McCabe ធ្វើឡើងនៅចំពោះ​មុខគណៈកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា​ កាលពីថ្ងៃ​ព្រហស្បតិ៍។ ថ្លែង​នាឱកាស​នោះដែរ នាយកស្ដីទី FBI រូបនេះបាន​លើកឡើងយ៉ាងដូច្នេះថា «មកទល់ពេលនេះ​ពុំមានអ្វីមករារំាង ដល់​ការស៊ើបអង្កេត​របស់យើងឡើយ ហើយអ្នកក៏​មិនអាចបញ្ឈប់​បុគ្គលិក​ប្រុសស្រីនៃ FBI ដែលកំពុងធ្វើ​រឿងត្រឹមត្រូវបាននោះដែរ (...) រាល់ទីភ្នាក់ងារ​ទាំងអស់ពាក់ព័ន្ធ​នឹងការស៊ើបអង្កេត នៅតែបន្តធ្វើការងារ​របស់ពួកគេ​ដដែល»។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបណ្ដេញលោក James Comey ពីតំណែងកាលពី​ថ្ងៃអង្គារ ក្រោមហេតុផល​គ្មានសមត្ថភាព​ដឹកនាំ FBI ឱ្យមានប្រសិទ្ធភាព។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ​ធ្វើឡើងក្រោយពេល លោក Comey​ ប្រាប់សភា​អាមេរិកថា លោកបានរកឃើញ ប្រភពជាច្រើន ដែលជួយដល់​ការស៊ើបអង្កេត​ជុំវិញទំនាក់ទំនង រវាងក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ លោក តាំ្រ ជាមួយរុស្ស៊ី។

ម្យ៉ាងវិញទៀត​មួយរយៈចុងក្រោយនេះ បើជាទោះជា​ពុំមានការផ្លោង​សម្ដីដាក់គ្នាខ្លាំងៗ​ រវាងលោក ត្រាំ ​និងលោក Comey ក៏ដោយក៏គេសង្កេតឃើញថា លោក ​Comey​ បានធ្វើសកម្មភាពមួយចំនួនប្រឆាំង​នឹងលោក ត្រាំ ចំៗ​តែម្ដង។ សកម្មភាព​ទាំងនោះរួមមាន​ទាំងការបើកការ ស៊ើបអង្កេតលើ​ទំនាក់ទំនង​រវាងក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​ របស់ប្រធានាធិបតី​អាមេរិករូបនេះ ជាមួយនឹង​ទីក្រុងម៉ូស្គូ ហើយនៅ​ពេល ដែលលោក ត្រាំ ចោទថា​ លោក បារ៉ាក់ អូបាម៉ា បញ្ជាឱ្យគេ​លួចស្ដាប់លោក​និយាយទូរស័ព្ទ លោកបែរ​ជាបដិសេធដោយ​អះអាងថា​ គ្មានភស្ដុតាង គ្រប់គ្រាន់ទៅវិញ៕ ​