(បាកដាដ)៖ រដ្ឋាភិបាលអ៊ីរ៉ាក់​កំពុងមានក្តីរំពឹងខ្ពស់ថា នឹងអាចវាយរំដោះតំបន់​ភាគលិច​នៃទីក្រុងម៉ូស៊ូល​ឲ្យរួចផុត​ពីកណ្តាប់ដៃ​​​ក្រុមភេរវករ ISIS បានទាំងស្រុង នៅមុនបុណ្យ​រ៉ាម៉ាដាន់​របស់សាសនា​អ៊ីស្លាម ដែលនឹងចាប់ផ្តើម​នាថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

អគ្គសេនាធិការ​ចម្រុះនៃកងទ័ព​អ៊ីរ៉ាក់ លោក Othman Ghanimi បានថ្លែងទាំងក្តីជឿជាក់ខ្ពស់ថា «កងទ័ពរដ្ឋាភិបាល​អ៊ីរ៉ាក់ នឹងប្រកាស​ជ័យជម្នះលើក្រុមសកម្ម​ប្រយុទ្ធ ISIS នៅក្នុងផ្នែក​ភាគលិច​នៃទីក្រុងម៉ូស៊ូល នៅមុនខែដែលសាសនិកអ៊ីស្លាម​ ធ្វើការប្រារព្ធពិធីបុណ្យ​រ៉ាម៉ាដាន់​»។ បច្ចុប្បន្ននេះ មានតែផ្នែកខាងលិចទីក្រុងម៉ូស៊ុលប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានរំដោះ ដោយឡែកផ្នែកផ្សេងៗទៀត​ត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងទៅហើយ ដោយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់​​បានបាត់បង់ជីវិត​​ព្រមទាំង​រងរបួស នៅក្នុងការ​ប្រយុទ្ធគ្នា​​នៅក្នុងទីក្រុង​ម៉ូស៊ូល​ គិត​ចាប់​តាំង​ពី​​យោធាអ៊ីរ៉ាក់​​ និងកងកម្លាំង​​ចម្រុះគាំទ្រ​​ដោយ​​សហរដ្ឋអាមេរិក បានចាប់​ផ្តើមប្រតិបត្តិការ​ទ្រង់ទ្រាយធំ​​ ដើម្បីវាយរំដោះ​យក​ទីក្រុង​នេះចេញពី​កណ្តាប់ដៃ​​​របស់ក្រុម​​ភេរវករ ISIS កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ៕

ក្តៅគគុក! មេទ័ពអ៊ីរ៉ាក់ប្រកាសថា «នឹងវាយរំដោះទីក្រុងម៉ូស៊ូលពីកណ្តាប់ដៃ ISIS» ឲ្យបានទាំងស្រុងមុនថ្ងៃទី២៧ ខែឧសភា!