(រីយ៉ាដ)៖ ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានប្រកាសអំពី​កម្មវិធី​ផលិតយន្តហោះ​ដ្រូន Saqr 1 ដែលនឹង​មានសមត្ថភាពបំពាក់គ្រាប់មីស៊ីល និងគ្រាប់បែកកំណត់​ទីតាំងដោយប្រព័ន្ធ​ឡាស៊ែរ ហើយនឹងហោះ​បានចម្ងាយ ២,៥០០គីឡូម៉ែត្រ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

យន្តហោះដ្រូន​ដែលនឹងត្រូវគេផលិត​នៅក្នុងទីក្រុងនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់ស្តេច Abdulaziz  ខាងលើនេះ នឹងបំពាក់នូវប្រព័ន្ធ​ផ្កាយរណប​ទាក់ទង ដែលនឹងជួយ​ឲ្យមានការបញ្ជាយ៉ាងមានប្រសិទ្ធ​ភាព​ខ្ពស់ ជាមួយ​នឹងប្រព័ន្ធកុំព្យូទ័រ។ សម្រាប់​គ្រាប់បែក និងមីស៊ីល​ដែលបំពាក់នៅលើ Saqr 1 នឹងអាចទម្លាក់​ចំគោលដៅ ពីកម្ពស់ ៥០០ម៉ែត្រ ទៅ ៦,០០០ម៉ែត្រ ហើយវា​អាចហោះបានក្នុង​កម្ពស់ខ្ពស់បំផុត ១០គីឡូម៉ែត្រ ក្នុងរយៈពេល​ប្រតិបត្តិការ ២៤ម៉ោង។

គួរបញ្ជាក់ថា អារ៉ាប៊ី សាអូឌីត គឺជាសម្ព័ន្ធមិត្តដ៏ធំរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាសេដ្ឋីប្រេង​ដ៏ធំមួយនៅលើពិភពលោកផងដែរ។ អាមេរិកបាន​ចាត់ទុកប្រទេសនេះ ជាស្នូលដ៏សំខាន់​នៃការរក្សាសន្តិសុខ​នៅក្នុងតំបន់​ទាំងមូល ហើយក៏ជាខែលទប់ទល់​នឹងឥទ្ធិពលរបស់​ប្រទេសអ៊ីរ៉ង់ថែមទៀតផង៕