(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានប្រកាស​នៅថ្ងៃនេះថា ខ្លួនបាន​បង្កើតអង្គភាព​ពិសេសមួយ ទទួលបន្ទុក​វាយតម្លៃ និងទប់ស្កាត់ ការគំរាមកំហែង​ពីអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ សេចក្តីប្រកាស​ពីការបង្កើតអង្គភាពថ្មីនេះ ធ្វើឡើងបន្ទាប់ពី​អគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ លោក Choe Il បានអះអាង​នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន៍ Sky News ថា​ទីក្រុងព្យុងយ៉ាង​នឹងធ្វើតេស្ដ​បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ​ ជាលើកទី០៦ គ្រប់ពេលវេលាឱ្យតែ​មានបញ្ជាពី​លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

លោក Choe Il នៅក្នុងបទសម្ភាសន៍​ជាមួយ Sky News បានបញ្ជាក់​យ៉ាងដូច្នេះថា «អំណាចនុយក្លេអ៊ែរ របស់យើង គឺជាអធិបតេយ្យភាព​របស់យើង ហើយយើងនឹងធ្វើ​តេស្ដបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ​ជាលើកទី០៦ គ្រប់ពេលវេលា គ្រប់ទីកន្លែងឱ្យតែ​មានបញ្ជាពី​លោក គីម ជុងអ៊ុន។ អំណាច​នុយក្លេអ៊ែរ គឺជាមធ្យោបាយតែមួយគត់ ការពារសន្តិភាព​នៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់​ទាំងមូល ត្បិតវាធ្វើឱ្យ​សហរដ្ឋអាមេរិក មិនហ៊ានវាយប្រហារ​មកលើពួកយើង ...តែបើវ៉ាស៊ីនតោន​ហ៊ានកម្រើកម្រាម​ដៃតែបន្តិច នោះយើងនឹងប្រែក្លាយ​អាវុធរបស់ពួកគេ​ ឱ្យក្លាយ​ទៅជាធូលីដី»

ដោយឡែក​ទាក់ទិននឹងការលើក​ឡើងនេះដែរ នាយក CIA លោក Mike Pompeo បានឱ្យដឹងថា CIA បានបង្កើតអង្គភាព​ពិសេសមួយ តាមឃ្លំាមើលសកម្មភាព និងវាយតម្លៃសមត្ថភាព ឬការគំរាមកំហែង ពីសំណាក់​ទីក្រុងព្យុងយ៉ាង។ ​«ការបង្កើតអង្គភាព​ពិសេសនេះ នឹងអនុញ្ញាត​ឱ្យពួកយើង​ធ្វើសមាហរណកម្ម និងដឹកនាំកិច្ចការ​របស់ CIA ឱ្យមានប្រសិទ្ធិភាព ដើម្បីទប់ទល់នឹង​ការគំរាមកំហែងពី​កូរ៉េខាងជើង ប្រឆាំងនឹង​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់ពួកយើង»។ នេះបើតាមលោក Mike Pompeo៕