(សេអ៊ូល)៖ កូរ៉េខាងជើងជា​ថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ បានជំរុញរដ្ឋាភិបាល​របស់ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី លោក មូន ជេអ៊ីន (Moon Jae-in) បិទបញ្ចប់នូវអ្វីដែលខ្លួន ហៅថា ជានយោបាយបដិបក្ខ​ក្នុងនោះរួមមាន​ទំាងការធ្វើសមយុទ្ធយោធា​ប្រចំាឆ្នាំ​ ជាមួយ​សហរដ្ឋអាមេរិកផងដែរ។ នេះបើតាម​កាសែត​កូរ៉េខាងជើង Rodong Sinm​um ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​របស់ Rodong Sinmun ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​លោក មូន ជេអ៊ីន ប្រកាសពី​បំណងចង់បំពេញ​ទស្សនកិច្ច ទៅកាន់​កូរ៉េខាងជើង។ ​កាសែត Rodong Sinmun នៅក្នុង​បទអត្ថធិប្បាយ​របស់ខ្លួន បានបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េទំាងពីរ​គួរតែគោរពគ្នា​ទៅវិញទៅមក ក៏ដូចជាបើក ទំព័រថ្មីមួយឆ្ពោះទៅរក​ការធ្វើឱ្យប្រសើរឡើង​ នូវទំនាក់ទំនងទ្វេភាគី និងការបង្រួបបង្រួម​អន្តរកូរ៉េ។ ស្របពេលជាមួយគ្នា ដើម្បីសម្រេច​បានវត្ថុបំណងនេះ ទីក្រុងសេអ៊ូល​មិនត្រូវភ្លេច​នោះទេ ចំពោះការបញ្ឈប់សមយុទ្ធយោធាប្រចាំឆ្នាំ​ ជាមួយសហរដ្ឋអាមេរិក ព្រមទំាងហាមឃាត់ សកម្មជន​កូរ៉េខាងត្បូង ក្នុងការបាចខិតប័ណ្ណប្រឆាំង​ទីក្រុងព្យុងយ៉ាង នៅតំបន់ព្រំដែន​នៃទាំងពីរ»

គួរបញ្ជាក់ថា បើទោះជាដឹងថាការផ្សះផ្សា​ជាមួយកូរ៉េខាងជើង គឺជារឿងដ៏លំបាក​ក៏ដោយ តែលោក មូន ជេអ៊ីន នៅតែបង្ហាញ​ពីវត្ថុបំណងនេះ ដោយលោកផ្ទាល់បានអះអាង​ពីគំរោងទស្សនកិច្ច​ទៅកាន់ទីក្រុង​ព្យុងយ៉ាង នៅពេលវេលា​សាកសមណាមួយ ដើម្បីស្វែងរក​កិច្ចសន្ទនា និងឈានដល់​ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីបកូរ៉េ៕