(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae-in នាថ្ងៃព្រហស្បតិ៍នេះ បានធ្វើការតែងតាំង​ក្រុមមន្រ្តី​ជាន់​ខ្ពស់​​ប្រចាំ​វិមាន​ប្រធានាធិបតី Blue House នៅថ្ងៃទីពីរ​នៃអាណត្តិដឹកនាំ​របស់លោក ខណៈដែលរឿងអាស្រូវនៃអំពើពុករលួយ របស់អតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ មិនទាន់​ត្រូវបានដោះស្រាយរួចរាល់នៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

យោងតាមនាយក​ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Im Jong-seok ថែ្លងប្រាប់ក្រុម​អ្នកសារព័ត៌មាន លោក Moon Jae-in បាន​គ្រោង​​នឹង​ធ្វើ​ការ​រៀប​​ចំ​សណ្តាប់​​ធ្នាប់​នៅ​ក្នុង​វិមាន​ Blue House ​​ឡើង​វិញ ហើយ​គម្រោង​​នៃ​ការ​ធ្វើ​កំណែ​​ទម្រង់​នេះ នឹងត្រូវបាន​ប្រកាសនៅអំឡុង​កិច្ចប្រជុំ​​បន្ទាន់មួយ​នៃគណៈរដ្ឋមន្រ្តី ដែលកំណត់​ធ្វើឡើងនៅ​ថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye ត្រូវបាន​ទម្លាក់ចេញ​ពីតំណែង បន្ទាប់ពីមាន​រឿង​អាស្រូវ​នយោបាយ​ដ៏ខ្មៅងងឹង ពាក់ព័ន្ធអំពើ​ពុករលួយ​ក៏ដូចការចូលមក​លូកលាន់កិច្ចការ​ផ្ទៃក្នុងរដ្ឋ ដែល​មាន​​មិត្ត​ភក្តិ​ដ៏​ជិត​ស្និទ្ធយូរអង្វែង​បំផុតរបស់​លោក​ស្រី​​ជាដើមចម រួមទាំងរូបលោកស្រី​ផ្ទាល់ និងមន្រ្តីជំនិតៗ​មួយចំនួនទៀត​នៅក្នុងវិមាន​​ប្រធា​នាធិបតី៕