(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់ ០៨នាក់បានស្លាប់ ដោយសារតែ​គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ បានវាយប្រហារមកលើ​តំបន់ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន នៅម៉ោង ៥៖៥៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះម៉ោងនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ បើតាមទីភ្នាក់ងារ​ឃ្លំាមើលគ្រោះរញ្ជួយដី​ចិន គ្រោះរញ្ជួយដីនេះ បានវាយប្រហារ​មកលើតំបន់ Taxkorgan នៃទីក្រុង Kashgar ដោយមានការញ័ររញ្ជួយ​ពីក្នុងជម្រៅដី០៨គីឡូម៉ែត្រ។ រីឯមនុស្ស១១នាក់បានរងរបួស ហើយផ្ទះជាច្រើនខ្នង​ក៏ត្រូវបានបំផ្លាញ​ផងដែរ ខណៈប្រជាជន​នៅក្នុងតំបន់ច្រើន​ជាង ១២,០០០នាក់ រងផលប៉ះពាល់ និងជាង​៩,២០០នាក់ ត្រូវបានប្ដូរទីលំនៅ​ទៅកាន់កន្លែង​មានសុវត្ថិភាព​ ជាបណ្ដោះអសន្ន។

គួរបញ្ជាក់ថា កងទ័ព និងអាជ្ញាធរ​ច្រើនជាង ១,០០០នាក់ និងស៊ីវិល ១,៥០០នាក់ បានធ្វើដំណើរទៅ​កាន់តំបន់រងគ្រោះ ដើម្បីជួយសង្រ្គោះ និងផ្ដល់ជំនួយ​ចាំបាច់ដល់ប្រជាជន ជាពិសេស​នៅក្នុងភូមិ Quzgun​ ដែលរងគ្រោះខ្លាំងជាងគេ ដោយផ្ទះរហូតដល់ទៅ ១,៥២០ខ្នងបានដួលរលំ ឬបំផ្លាញស្ទើរ​តែទាំងសុ្រង៕