(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ​បានរាយការណ៍ថា មនុស្ស២៣នាក់បានស្លាប់ ​និង២៨នាក់រងរបួស​ នៅក្នុងហេតុការណ៍រលំបាក់ជញ្ជាំងសង្កត់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង​នៅរដ្ឋ Rajasthan ស្ថិតនៅភាគ​ខាងលិចប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរឥណ្ឌា គ្រោះថ្នាក់ខាងលើ​បានកើតឡើងនៅម៉ោងប្រមាណ ១០៖៣០នាទីយប់ថ្ងៃពុធ ក្នុងសាលរៀបអាពាហ៍ពិពាហ៍មួយ នៅតាមបណ្ដាយផ្លូវ Sevar Road ក្នុងស្រុក Bharatpur នៃរដ្ឋ Rajasthan ចំពេលដែល​មនុស្សម្នា​ជាច្រើននាក់ កំពុងចូលរួមក្នុងពិធីយ៉ាងរីករាយ។ ក៏ប៉ុន្តែជា​អកុសល ​ភ្លៀងក៏បានធ្លាក់យ៉ាងខ្លាំងចុះមក និងបានបណ្ដាឱ្យជញ្ជាំងសាលអាពាហ៍ពិពាហ៍នេះរលំ​មកសង្កត់ស្លាប់មនុស្ស ២៣នាក់ ក្នុងនោះមានទំាង​កុមារ០៤នាក់ និងស្ត្រី០៧នាក់ រីឯ២៨នាក់ទៀត ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុ​នៃការរលំជញ្ជាំងនេះ កំពុងស្ថិតនៅក្រោម​ការស៊ើបអង្កេតនៅឡើយ ដែលវាអាចបណ្តាលពីការសាងសង់ អគារខុសបច្ចេកទេស៕