(បរទេស)៖ សាធារណរដ្ឋអាហ្វ្រិក​កណ្តាល (CAR) បានធ្លាក់ទៅ​ក្នុងអស្ថិរភាព​ចាប់តាំងតែពីពេល​ដែលរដ្ឋនេះទទួលបាន​ឯក​រាជ្យពីបារាំង កាលពីឆ្នាំ១៩៦០មកម៉្លេះ ហើយប្រទេស​មួយនេះសម្បូរ​ហូរហៀរ​ណាស់ទៅដោយរ៉ែ ត្បូង មាស ប្រេង និងអ៊ុយរ៉ាញ៉ូម ក៏ប៉ុន្តែបែរជាជាប់​ឈ្មោះក្នុង​ចំណោមប្រទេស​ ដែលមានប្រជាជន​ក្រីក្របំផុតលើលោកទៅវិញ។

ខាងក្រោមនេះ​គឺជាប្រវត្តិសង្ខេបខ្លះៗ​ ស្តីពីសាធារ​ណ​រដ្ឋ​អាហ្វ្រិកកណ្តាល៖

១៖ ប្រវត្តិជាទូទៅ

សាធារណរដ្ឋអាហ្រ្វិក​កណ្តាលបាន និងកំពុងទទួលរងវិបត្តិដ៏រ៉ាំរ៉ៃចាប់ពី​ឆ្នាំ២០១៣មក នៅពេលដែល​ក្រុមឧទ្ទាមអ៊ីស្លាម​ក្រុម​ Seleka បានដណ្តើម​អំណាចនៅក្នុងប្រទេស​ ដែលពោរពេញ​ទៅដោយអ្នកកាន់​សាសនាគ្រិស្ត​មួយនេះ ហើយក្រុម​ប្រដាប់​អាវុធ​​ដែលភាគច្រើនជា​អ្នកកាន់​សាសនាគ្រិស្ត មានឈ្មោះថា Anti-Balaka ក៏បានងើបឈរឡើង​ដើម្បីតទល់​ជាមួយក្រុម Seleka។

Seleka បានប្រគល់​អំណាចទៅឲ្យរដ្ឋាភិបាល​អន្តរកាល​កាលពីឆ្នាំ២០១៤ នៅក្រោម​សម្ពាធពីអន្តរជាតិ តែក្រោយមក​​អំពើ​ហិង្សាបានផ្ទុះឡើង​ជាបន្តបន្ទាប់​ឥតឈប់ឈរ និងទីបំផុតប្រទេស​ក្នុងទ្វីបអាហ្រ្វិក​មួយនេះ ក៏បានបែក​ខ្ញែកគ្នា ទោះបីជាមាន​វត្តមាន​នៃកងកម្លាំងរក្សាសន្តិភាព​ របស់អង្គការសហប្រជាជាតិ និងបេសកកម្មការទូត​បារាំងយ៉ាង​ណាក្តី។

យ៉ាងណាមិញ សាធារណរដ្ឋ​អាហ្រ្វិកកណ្តាលកំពុងតែឆ្លងកាត់​ការផ្លាស់ប្តូរ ដែលគ្រប់គ្រង​ក៏ដូចជាមើល​ខុសត្រូវដោយ​អន្តរ​ជាតិ រួមមានទាំង​ការបោះឆ្នោត​ប្រជាមតិ​លើរដ្ឋធម្មនុញ្ញ និងការ​បោះឆ្នោតសភា ព្រមទាំងការ​បោះឆ្នោតជ្រើស​រើសប្រធានា​ធិប​តី។

២៖ មេដឹកនាំ

ប្រធានាធិបតី​ លោក Faustin-Archange Touadera ដែលជាអតីត​នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ CAR និងជាសាស្រ្តាចារ្យ​ផ្នែកគណិត​វិទ្យាផងដែរត្រូវបានប្រកាសថា ជាអ្នកទទួលបាន​ជ័យជម្នះនៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយការ​បោះឆ្នោតនេះត្រូវបានគេ​មើលឃើញថា គឺជាការបោះ​ជំហានដ៏​សំខាន់មួយ ដើម្បីបើកទំព័រ​ប្រវត្តិសាស្រ្តថ្មី​​​របស់ប្រទេស​ ដែលជួបតែ​ភាពហិង្សា​អស់ជាច្រើនឆ្នាំ​កន្លងមក។ លោក Touadera បាន​ឈ្នះ​ការ​​បោះ​ឆ្នោត​​ ជាមួយ​សំឡេង​​​គាំទ្រ​ ៦២.៧១ភាគរយ បន្ទាប់ពី​លោកបាន​ខិតខំប្រឹង​ប្រែង​ដើរ​​តួជា​អ្នកផ្សះផ្សាជាតិ ដែលអាចផ្សា​ភ្ជាប់​​ការ​បែក​បាក់​ និង​ចុះ​សម្រុង​គ្នា​នៃសាសនា​នៅក្នុងប្រទេស​នេះបាន នៅក្នុងអំឡុង​យុទ្ធនា​ការឃោសនា​បោះឆ្នោត។

៣៖ ប្រព័ន្ធផ្សព្វផ្សាយ

ស្ថានីយ៍វិទ្យុគឺជា​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានដ៏ពេញនិយមបំផុត​ នៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាល ក៏ប៉ុន្តែជម្លោះ​ដ៏រ៉ាំរ៉ៃ​នៅ​ក្នុងប្រទេសបានបង្ក​ផលវិបាកយ៉ាងខ្លាំង​ ដល់ការអភិវឌ្ឍ​ផ្នែកប្រព័ន្ធព័ត៌មាន​របស់សាធារណរដ្ឋ CAR។

៤៖ កាលបរិច្ឆេទសំខាន់ៗ​ នៅក្នុងប្រវត្តិសាស្រ្ត​របស់សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល

* ទសវត្សឆ្នាំ១៨៨០៖ បារាំងបានចូល​មកដាក់អាណានិគម​លើសាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។

* ឆ្នាំ១៩៦០៖ សាធារណរដ្ឋអាហ្រ្វិក​កណ្តាល ក្លាយជាប្រទេស​ឯករាជ្យដោយមាន​ លោក David Dacko ជាប្រធានាធិបតី ហើយ​លោក Dacko បានប្រែក្លាយ​ប្រទេសនេះទៅរដ្ឋ​មានបក្សតែមួយ។

* ឆ្នាំ១៩៦៥៖ លោក Dacko ត្រូវបានទម្លាក់​ពីអំណាចដោយ​មេបញ្ជាយោធា​ម្នាក់ឈ្មោះ Jean-Bedel Bokassa ដែលបានប្រកាស​​តែងតាំង​ខ្លួនឯង​ជាអធិរាជ​ នៃអាណាចក្រអាហ្រ្វិកកណ្តាល។

* ឆ្នាំ១៩៧៩៖ លោក Bokassa ត្រូវបានទម្លាក់​ចេញពីអំណាច ដោយរដ្ឋប្រហារ​គាំទ្រដោយ​កងទ័ពបារាំង។

* ឆ្នាំ១៩៨១៖ មេទ័ពឈ្មោះ Andre Kolingba បានឡើងកាន់អំណាចបន្ត។

* ឆ្នាំ១៩៩៣៖ លោក Ange-Felix Patasse បានទទួលជ័យជម្នះ​ក្នុងការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី ហើយការគ្រប់គ្រង​​ដោយអំណាចយោធា​ អស់រយៈពេល១២ឆ្នាំ បានឈានចូល​ដល់ទីបញ្ចប់។

* ឆ្នាំ២០០៣៖ មេដឹកក្រុម​ឧទ្ទាម និងអតីតមេបញ្ជការ​យោធា លោក Francois Bozize បានដណ្តើម​អំណាច។

* ឆ្នាំ២០០៩៖ ការប្រយុទ្ធគ្នា​រវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម​នៅតែបន្តកើត​មានឡើង។ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការ​សហប្រជា​ជាតិ បានឯកភាព​ក្នុងការបង្កើត​ការិយាល័យ​កសាងសន្តិភាព UN សម្រាប់​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល ដើម្បីផ្តោត​សំខាន់​លើភាព​អសន្តិសុខនៅក្នុងប្រទេស។

* ខែវិច្ឆិកា ឆ្នាំ២០១២៖ សម្ព័ន្ធពួកឧទ្ទាម Seleka ថ្មី បានពង្រាយឥទ្ធិពលយ៉ាង​រហ័ស នៅតំបន់ភាគកណ្តាល និងភាគខាង​ជើង​ និងក្រោយមក​ទៀតរដ្ឋធានី​របស់​សាធារណរដ្ឋ CAR តែម្តង។

* ឆ្នាំ២០១៣៖ ភាពចលាចល​នៅតែបន្ត ស្របពេលអ្នក​ប្រយុទ្ធមូស្លីម​ និងគ្រិស្ត បានរងការចោទ​ប្រកាន់ថា បានសម្លាប់ជីវិត​​មនុស្ស​រាប់រយនាក់។

* ឆ្នាំ២០១៤៖ លោក Michel Djotodia មេរដ្ឋប្រហារ​ដែលបានដឹកនាំ​សម្ព័ន្ធ Seleka បានចុះចេញពី​តំណែងជា​ប្រធានាធិបតី ហើយ​លោក Catherine Samba-Panza បានឡើងកាន់​អំណាចជំនួស​ជាមេដឹកនាំស្តីទី។

* ឆ្នាំ២០១៥៖ មានការបោះឆ្នោត​ប្រជាមតិស្តីពី​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ និងក្រោយមក​ទៀត​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំទីមួយ។

* ឆ្នាំ២០១៦៖ ភាពតានតឹង​កើតមានឡើង​នៅមុនការបោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​ជុំទីពីរ តែវាបានប្រព្រឹត្ត​ទៅដោយរលូន​ដដែល។ ស្របពេលជាមួយគ្នា តុលាការធម្មនុញ្ញ​បានចាត់ទុកនូវ លទ្ធផលនៃ​ការបោះឆ្នោត​សភាជាមោឃៈ ដោយលើកយក​ហេតុផលថា មានភាពមិនប្រក្រតី។

៥៖ ចំណេះដឹងបន្ថែមពីសាធារណរដ្ឋ CAR

* រដ្ឋធានី៖ បានហ្គុយ (Bangui)
* ចំនួនប្រជាជនសរុប៖ ៤.៦លាននាក់
* ផ្ទៃក្រឡា៖ ៦២២,៩៨៤គីឡូម៉ែត្រការ៉េ
* ភាសា៖ បារាំង, សាងហូ (Sangho)
* សាសនាធំៗ៖ គ្រិស្ត, អ៊ីស្លាម, និងជំនឿសាសនា​ នៃជនជាតិដើមភាគតិច
* អាយុកាលមធ្យម៖ បុរស (៤៨ឆ្នាំ) និងស្រ្តី (៥១ឆ្នាំ)
* រូបិយប័ណ្ណ៖ CFA franc

ប្រភពព័ត៌មាន៖ BBC News