(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោល​ការរិះគន់​ទាំងឡាយ ពាក់ព័ន្ធនឹង​ការសម្រេចចិត្ត​បណ្ដេញនាយក FBI លោក James Comey ចេញពីតំណែង ខណៈគណបក្សប្រជាធិបតេយ្យ​បានស្នើសុំឱ្យបន្តការស៊ើបអង្កេត​ដោយឯករាជ្យ ស្ដីពីទំនាក់ទំនង​រវាងក្រុមយុទ្ធនា ការឃោសនា​បោះឆ្នោតរបស់​លោក ត្រាំ ជាមួយរុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងជំនួបជា​មួយរដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី នៅឯសេតវិមាន​នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានការពារការ​សម្រេចចិត្ត​របស់លោក ហើយបាន​ហៅក្រុមសមាជិក​សភាប្រជាធិបតេយ្យ ដែលរិះគន់ការ​សម្រេចចិត្តនេះថា ជាមនុស្សពុតត្បុត។ បន្ថែមពី​លើនេះ លោក ត្រាំ ក៏បានអះអាង​ថា ការបណ្ដេញ លោក Comey ចេញពីតំណែង​គឺដោយសារតែ​នាយក FBI រូបនេះមានភាព «ឃោរឃៅ​» លើការងារ ពោលគឺការ​បណ្ដេញចេញនេះ​ មិនមានជាប់ពាក់ព័ន្ធនឹង​ការស៊ើបអង្កេត​លើរុស្ស៊ីនោះឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​បណ្ដេញ លោក James Comey មានអាយុ៥៦ឆ្នាំ ចេញពីតំណែងកាលពីថ្ងៃអង្គារ តាមអនុសាសន៍របស់​អគ្គរដ្ឋអាជ្ញា​ លោក Jeff Sessions ក្រោមហេតុផល លោក Comey មិនមានសមត្ថភាព​ក្នុងការដឹកនាំ FBI ឱ្យមានប្រសិទ្ធិភាព។ តែយ៉ាងណា ការសម្រេចចិត្តនេះ​ ធ្វើឡើងនៅក្រោយពេល លោក Comey​ ប្រាប់សភា​អាមេរិកថា លោកបានរកឃើញ​ប្រភពជាច្រើន​សម្រាប់​ការស៊ើប អង្កេតជុំវិញ​ទំនាក់ទំនង​រវាង ក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់​លោក តាំ្រ ជាមួយរុស្ស៊ី។ ម្យ៉ាងវិញទៀត ក្រោយឡើង​កាន់អំណាច​នៅថ្ងៃទី២០ ខែមករា គឺលោក ត្រាំ ខ្លួនឯង​ជាអ្នកស្នើសុំឱ្យ​លោក Comey កាន់​តំណែងជានាយក FBI ដដែល ត្បិតលោក​បានសរសើរ​មិនដាច់ពី​មាត់ថា លោក Comey ជាមនុស្សមាន​សមត្ថភាព និងគួរឱ្យ​គោរព៕