(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់​លោក ដូណាល់ ត្រាំ ទំនងជានឹងអាចពង្រីក​ការហាមឃាត់ការ​យកកុំព្យូទ័រយួរដៃ ឬឧបករណ៍អេឡិចត្រូនិកមានទំហំប្រហាក់ ប្រហែលឡើងលើ​យន្ដហោះ ហើយវិធានការ​នេះ​ ក៏អាចនឹងរាប់បញ្ចូល​ទំាងបណ្ដាប្រទេស​មួយចំនួនអឺរ៉ុបផងដែរ។​ នេះបើតាមប្រភពពីមន្ត្រីអាមេរិក និងអឺរ៉ុបពាក់ព័ន្ធនឹងកិច្ចការនេះ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

ក្រុមទំាងនេះ​ដដែល​ ថ្លែងក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ​បានឲ្យដឹងទៀតថា ការពង្រីក​វិធានការ​ហាមឃាត់​ខាងលើ​ នឹងបង្កផលប៉ះពាល់​ដល់ក្រុមហ៊ុនអាកាសចរណ៍​អាមេរិក​ខ្លះដូចជា United Airlines (UAL.N), Delta Air Lines Inc (DAL.N) និង​ក្រុមហ៊ុន American Airlines Group (AAL.O) ប៉ុន្តែពួកគេ​មិនបានបញ្ជាក់ថា​ វិធានការនេះនឹង​ត្រូវអនុវត្តន៍​នៅពេល​ណានោះទេ ខណៈក្រសួង​សន្តិសុខមាតុភូមិ​អាមេរិក មានគំរោងជួប​ជាមួយបណ្តាមន្ត្រី ឧស្សាហកម្ម​អាកាសចរណ៍​នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើ​បញ្ហាសន្តិសុខនេះ។

គួររំលឹកថា កាលពីខែមីនា​កន្លងទៅ​សហរដ្ឋអាមេរិក បានប្រកាសពី​វិធានការហាមឃាត់​ការយកកុំព្យូទ័រ​យួរដៃ ឬឧបករណ៍​អេឡិចត្រូនិកមានទំហំ​ប្រហាក់ប្រហែល​ឡើងលើយន្ដហោះ ហើយវិធានការ​នេះមានជាប់ពាក់ព័ន្ធ​នឹងអាកាសយានដ្ឋាន​នៅក្នុងប្រទេស​ចំនួន១០ ដូចជា អារ៉ាប៊ី សាអ៊ូឌីត, អេមីរ៉ាត់ អារ៉ាប់រួម, កាតា និងតួកគី​ជាដើម ក្រោមហេតុផល​ទប់ស្កាត់ការវាយប្រហារ​ដោយភេរវកម្ម៕