(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាង ក្រោម៖

១៖ ប្រជាជនកូរ៉េខាងត្បូងបានរកឃើញប្រធានាធិបតីថ្មីទី១២ហើយ គឺលោក Moon Jae-in ដែលជាអ្នកនយោបាយជើងចាស់ម្នាក់មានជំហរទន់ភ្លន់ចំពោះ កូរ៉េខាងជើង។ ជាក់ស្ដែងគ្រាន់តែ ស្បថចូលកាន់តំណែងភ្លាម លោក Moon បានបង្ហាញពីបំណងចង់ទៅទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បីព្យាយាម ស្វែងរកកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង៕

២៖ កងកម្លាំងយោធាថៃ​កំពុងតាមប្រមាញ់​ជនសង្ស័យចំនួនបួននាក់ ជុំវិញករណីបំផ្ទុះ​រថយន្តធុនធំ​មួយគ្រឿងកាលពីថ្ងៃអង្គារ ដែលបានបង្ករបួសស្នាមយ៉ាង ដំណំដល់​មនុស្សជាង៦០នាក់ នៅខាងក្រៅផ្សារទំនើបមួយកន្លែងក្នុង​ខេត្ត Pattani ​ភាគខាង​ត្បូង​ប្រទេសថៃ ជាតំបន់ដែលតែងតែ​បានទទួលរងការ​វាយប្រហារពីក្រុមសកម្មបំបែករដ្ឋ​ឥតឈប់ឈរ៕

៣៖ បន្ទាប់ពីបានទន្ទឹមរង់ចាំ​ និងត្រៀមលក្ខណៈ​អស់ពេលយ៉ាងយូរ នៅទីបំផុតបុរស​ដែលមានទម្ងន់ធ្ងន់ជាងគេ​បង្អស់​នៅលើ​ពិភពលោក ៦០០គីឡូក្រាម បានទទួល និងឆ្លងកាត់ការវះកាត់​សម្រកទម្ងន់ដោយ​ជោគជ័យហើយ ដោយគេរំពឹងថានឹង​បញ្ចុះទម្ងន់របស់លោក​បានយ៉ាងតិច​ពាក់កណ្តាល៕

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបណ្ដេញនាយកការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI ​លោក James Comey ចេញពីតំណែង ដែលនេះគឺជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកំពុងបង្កជាភាពចម្រូងចម្រាស់ជាថ្មី នៅក្នុងចំណោមអ្នកនយោបាយអាមេរិក។ យោងតាមសេតវិមាន ការបណ្ដេញ លោក Comey ពីតំណែងគឺដោយសារបញ្ហាសមត្ថភាព ក៏ប៉ុន្តែលោក ដូណាល់ ត្រាំ ខ្លួនឯងគឺជាអ្នកស្នើសុំឱ្យនាយក FBI ​រូបនេះបន្តតំណែង នេះដដែល នៅក្រោមរដ្ឋបាលរបស់លោក ដោយលោកថែមទំាងសរសើរ មិនដាច់ពីមាត់ថាលោកជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរពបំផុត៕

៥៖ ឧបនាយករដ្ឋមន្ត្រីតួកគី លោក Nurettin Canikli បាននិយាយថា ទីក្រុងអង់ការ៉ា​សង្ឃឹមថា​ សហរដ្ឋអាមេរិក នឹង​បិទបញ្ចប់គោលនយោបាយគាំទ្រក្រុម ឧទ្ទាម​ឃើដស៊ីរី YPG ហើយថាតួកគីមិនអាច​ទទួលយក​បានឡើយ ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនដល់ក្រុមឧទ្ទាម​មួយនេះ។ ការលើកឡើងរបស់ លោក Nurettin កើតមានឡើងបន្ទាប់ពីប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ អនុម័តលើការផ្ដល់ជំនួយជាអាវុធដល់ YPG៕

៦៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានតិះដៀលធ្ងន់ៗ ដល់​សហរដ្ឋអាមេរិក សម្រាប់សេចក្តីប្រកាស​នៃ​ការ​​ហ្វឹកហាត់​ជម្លៀសខ្លួនរបស់​ពលរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងថាជាការបើកឆាកធ្វើសង្រ្គាម​ដើម្បីឈ្លានពានកូរ៉េខាងជើង៕