(ប៉ាតានី)៖ កងកម្លាំងយោធាថៃ​កំពុងតាមប្រមាញ់​ជនសង្ស័យចំនួនបួននាក់ ជុំវិញករណីបំផ្ទុះ​រថយន្តធុនធំ​មួយគ្រឿង ដែលបានបង្ករបួសស្នាម​យ៉ាងដំណំដល់​មនុស្សជាង៦០នាក់ នៅខាងក្រៅផ្សារទំនើបមួយកន្លែង ក្នុង​ខេត្ត Pattani ​ភាគខាង​ត្បូង​ប្រទេសថៃ ជាតំបន់ដែលតែងតែ​បានទទួលរងការ​វាយប្រហារ ពីក្រុមសកម្មបំបែករដ្ឋ​ឥតឈប់ឈរ។ នេះ​បើ​តាមការចេញផ្សាយ​​ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន លោក Arun Prasertsuk ជាអនុប្រធាន​មន្ទីរពេទ្យ Pattani Hospital បានឱ្យដឹង​យ៉ាងដូច្នេះថា «មនុស្ស​យ៉ាង​​ហោច​ណាស់៦០នាក់ បានរងរបួសក្នុងនោះ២០របួសធ្ងន់ ដោយសារតែការវាយប្រហារបំផ្ទុះរថយន្ដ ដែល​បាន​បង្ក​ជា​ការខូច​ខាត​សម្ភារៈមួយចំនួនផងដែរ»។ យ៉ាងណាមិញ​ពុំទាន់មាន ក្រុមណាមួយចេញមុខ​ទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុមអាជ្ញា​ធរ​ថៃ សង្ស័យថា​ វាជាស្នាដៃរបស់ក្រុមឧទ្ទាមបំបែករដ្ឋនៅភាគខាងត្បូង​នៃប្រទេសតែម្តង។

គួរបញ្ជាក់ថា អំពើហិង្សារវាងក្រុមឧទ្ទាម​បំបែករដ្ឋ​ជាមួយអាជ្ញាធរថៃ នៅតំបន់​ភាគខាងត្បូង​នៃប្រទេសដូចជា ខេត្ត Yala, Pattani និងខេត្ត Narathiwat បានផ្ដាច់យកអាយុជីវិតមនុស្ស​ច្រើនជាង ៦,៥០០នាក់ គិតចាប់តាំងពី​ឆ្នាំ២០០៤មក៕