(អង់ការ៉ា)៖ ឧបនាយករដ្ឋមន្ត្រីតួកគី លោក Nurettin Canikli បាននិយាយថា ទីក្រុងអង់ការ៉ា​សង្ឃឹមថា​ សហរដ្ឋអាមេរិកនឹង​បិទបញ្ចប់គោលនយោបាយ គាំទ្រក្រុមឧទ្ទាម​ឃើដស៊ីរី YPG ហើយថា តួកគីមិនអាច​ទទួលយក​បានឡើយ ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនដល់ក្រុមឧទ្ទាម​មួយនេះ។ នេះបើតាមការ ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia ​នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើង​ខាងលើរបស់​ លោក Nurettin Canikli កើតមានឡើង​បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តលើ​ការផ្ដល់ជំនួយជាអាវុធ ដល់ក្រុមឧទ្ទាម YPG​ ដើម្បីប្រឆាំង​នឹងពួក ISIS នៅក្នុងទីក្រុងរ៉ាកកា ប្រទេសស៊ីរី។ លោក Nurettin បានគូស​បញ្ជាក់​នៅក្នុងបទសម្ភាសន៍​ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ​តួកគី Haber យ៉ាងដូច្នេះថា «យើងមិនអាច​ទទួលយកបាន​ឡើយ វត្ដមាន​ក្រុមភេរវករ ដែលចង់គំរាមកំហែង​ដល់អនាគតតួកគី... ដូច្នេះយើង​សង្ឃឹមថា រដ្ឋបាលទីក្រុង​វ៉ាស៊ីនតោន នឹងបញ្ឈប់ការគាំទ្រ​ ក្រុមភេរវករមួយនេះ (YPG) ព្រោះថា គោលនយោបាយ​បែបនេះ មិនបានផ្ដល់​ផលចំណេញ​អ្វីទាល់តែសោះ ហើយអ្នក (សហរដ្ឋអាមេរិក) ក៏មិនអាចស្ថិត​នៅក្នុងកញ្ចប់តែមួយ​ជាមួយពួកភេរវករ​ដែរ»

គួរបញ្ជាក់ថា សម្រាប់ប្រទេសតួកគីក្រុមឧទ្ទាមឃើដ YPG គឺជាផ្លូវចម្លង​ដ៏សំខាន់ក្នុងការ​ពង្រីកឥទ្ធិពល​នៅស៊ីរី និងក្បែរតំបន់ព្រំដែនតួកគី របស់ក្រុម​ឧទ្ទាមឃើដ PKK ដែលត្រូវបាន​សហរដ្ឋអាមេរិក តួកគី និងអឺរ៉ុបចាត់ទុកថា ជាក្រុមអង្គការ​ភេរវកម្ម តែងតែដឹកនាំ​សកម្មភាពវាយប្រហារ​បំផ្ទុះគ្រាប់បែក​នៅតួកគី៕