(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានតិះដៀលធ្ងន់ៗដល់​សហរដ្ឋអាមេរិក សម្រាប់សេចក្តីប្រកាស​នៃ​ការ​​ហ្វឹកហាត់​ជម្លៀសខ្លួនរបស់​ពលរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងថា ជាការបើកឆាកធ្វើសង្រ្គាម​ ដើម្បីឈ្លានពានកូរ៉េខាងជើង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

សារព័ត៌មាន​រដ្ឋ Rodong Sinmun របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង បានលើកឡើង​នៅក្នុងបទវាចារណកថា​មួយ​របស់ខ្លួនថា អាមេរិក​បាន​​​ប្រកាសអំពីគម្រោង​នៃការជម្លៀសខ្លួន ក្នុងគោលបំណង​បន្លាចកូរ៉េខាងជើង ដោយហេតុតែ​ប្រទេស​មហា​អំណាច​​មួយនេះ​នា​ពេលកន្លងមក តែងតែបាន​ធ្វើការហាត់សម​បែបនេះជាសម្ងាត់។ Rodong Sinmun បានបន្ថែមថា «នេះគ្មានអ្វីក្រៅ​ពីការបើកឆាក​ចាប់ផ្តើមនៃការ​ធ្វើសង្រ្គាម ដើម្បីឈ្លានពាន​កូរ៉េខាងជើង និងជាការប្រកាស​ដោយបើកចំហរ​របស់សហរដ្ឋ​អា​មេរិក ដើម្បីបង្កាត់​ភ្លើងសង្រ្គាមនៅ​ពេលណាមួយនោះឡើយ»

អត្ថបទខាងលើ​បានបន្តទៀតថា វាមើលទៅហាក់ដូចជា​ឆោតខ្លាំងណាស់ សម្រាប់អាមេរិក​ក្នុងការគិតថា ប្រជាពលរដ្ឋរបស់​ខ្លួន​អាចរត់ចាកចេញ​ ទៅមាតុភូមិរបស់ពួកគេវិញ​ដោយសុវត្ថិភាព ក្នុងករណីទីក្រុងវ៉ាស៊ីនតោន​បង្កសង្រ្គាមនៅ​ឧបទ្វីបកូរ៉េ ស្រប​ពេល​ដែលកូរ៉េខាងជើង​មានសមត្ថភាព​អាចវាយប្រហារ​ ទៅដល់ដែនដីទាំងមូលរបស់អាមេរិកបានហើយនោះ។

កាសែត Rodong Sinmun បានព្រមាន​ជាចុងក្រោយថា «កាលពីសម័យ​សង្រ្គាមកូរ៉េពួកចក្រពត្តិឈ្លានពានអាមេរិក អាចវិល​​ត្រឡប់​​ទៅកាន់ផ្ទះពួកគេវិញបាន ទោះបីជាបានចាញ់​យ៉ាងដំណំក្តី ក៏ប៉ុន្តែនាពេលនេះ​ប្រសិនបើសង្រ្គាមផ្ទុះឡើង សូម្បីតែ​អ្នក​​ដែល​​រួចរស់ជីវិត ក៏មិនអាចស្វែករក​កន្លែងជ្រកកោណ​បានដែរ។ សហរដ្ឋអាមេរិក​យល់ល្អ គួរតែចាត់វិធានការ​ជាបន្ទាន់​ដើម្បី​សង្រ្គោះជីវិតប្រជាជន​អាមេរិករាប់រយលាននាក់ នៅក្នុងទឹកដី​ខ្លួនវិញទៅ ជាជាងមកព្រួយបារម្ភ​អំពីសន្តិសុខ​ ក៏ដូចជាសុវត្ថិភាព​​របស់​អ្នកទាំងនោះ​នៅកូរ៉េខាងត្បូង»