(វ៉ាស៊ីនតោន)៖ អំពើហិង្សាបានកើតឡើង​នៅឯអាកាសយានដ្ឋាន ​Fort Lauderdale-Hollywood Airport ស្ថិនក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ដោយបានបង្កឱ្យជើង​ហោះហើរជាច្រើន​ត្រូវលុបចោល ខណៈអ្នកដំណើររាប់រយនាក់​ បានផ្ទុះកំហឹងចំពោះហេតុការណ៍នេះ។ នេះបើតាមរូបភាពថតដោយកាមេរ៉ា​ទូរស័ព្ទដៃ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

យោងតាមរូបភាព​វីដេអូដែល​អ្នកដំណើរក្នុងចំនួន​ដ៏ច្រើន រួមទំាងក្រុម​មន្ត្រីសន្តិសុខ បានស្ថិត​នៅក្នុង​ហេតុការណ៍​វាយប្រតាយប្រតប់គ្នា​មួយប្រាវ​ នៅជិតកន្លែង​លក់សំបុត្រ​យន្ដហោះ​ជាហេតុធ្វើឱ្យជើង​ហោះហើរចំនួន​០៨ នៃអាកាស​យានដ្ឋាន ​Fort ត្រូវបានលុបចោល។ ចំណែកឯខាង​ក្រុមហ៊ុនអាកាសចរណ៍ Spirit Airline បានស្តីបន្ទោសយ៉ាងខ្លាំង​ចំពោះការលុបចោល​ជើងហោះហើរនេះ ដែលបណ្ដាល​មកពីវិវាទការងារ​ជាមួយបុគ្គលិក​របស់ខ្លួន ដែលកំពុងទាមទារ​កិច្ចសន្យា​ការងារល្អ​ប្រសើរជាងមុន។

គួរបញ្ជាក់ថា ក្នុងមួយរយៈពេល​ចុងក្រោយនេះ ឧស្សាហកម្ម​អាកាសរណ៍ស៊ីវិលអាមេរិក បានខាតបង់​មិនតិចនោះទេ ជាពិសេស​បន្ទាប់ពីមាន​ការចាប់អូសទាញអ្នកដំណើរ​ទាំងបង្ខំ ចេញពី​លើយន្ដហោះក្រុមហ៊ុន United Airline ហើយបើតាម​អ្នកតាមដានជើង​ហោះហើរ គិតត្រឹមថ្ងៃអង្គារ​ម្សិលមិញ ជើងហោះហើរចំនួន ២៨ទៀតត្រូវបានលុបចោល បន្ថែមពីលើជើង​ហោះហើរ ៣០០ដែលត្រូវបានលុបចោលពីមុន គិតចាប់តាំងពី​ដើមខែឧសភាមក៕