(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបនឹងជាប់ឆ្នោត លោក Moon Jae-in បានថ្លែងឲ្យដឹងនៅ​ថ្ងៃពុធនេះថា រូបលោក​បានត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បីធ្វើការពិភាក្សា​ក៏ដូចជាចរចាឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក និងប្រទេសចិន នៅ​ក្នុង​ការប៉ុនប៉ង ដើម្បីដោះស្រាយ​បញ្ហាប្រព័ន្ធខែល​ការពារមីស៊ីល​ដ៏ទំនើប THAAD របស់ទីក្រុងវ៉ាស៊ីនតោននៅលើ​ទឹក​ដី នៃប្រទេសក្នុងអាស៊ីខាងកើតមួយនេះ។ នេះបើតាម​ការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​ពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងក្នុងពិធីស្បថ​ឡើងកាន់តំណែងជាមេដឹកនាំ​កំពូលថ្មី របស់ប្រទេស​កូរ៉េខាងត្បូង លោក Moon ក៏បានបង្ហើបឲ្យដឹង​ទៀតដែរ​ថា លោកមានបំណង​ចង់​ទៅបំពេញទស្សនកិច្ចនៅ​ឯទីក្រុងព្យុងយ៉ាង នាពេលអនាគត​នៅក្នុងវេលាដ៏សាកសមណាមួយ។

គួរបញ្ជាក់ថា លោក Moon Jae-in មកពីគណបក្ស​ប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃពុធនេះ បានក្លាយខ្លួនជា​ប្រធានាធិបតីទី១២ និងអាណត្តិដឹកនាំទី១៩ បន្ទាប់ពី​បានទទួលសំឡេងគាំទ្រនាំមុខគេខ្លាំងរហូតដល់ ៤១.០៨ភាគរយ តាមពីក្រោយ​ដោយ លោក Hong Joon-pyo ដែល​ទទួលបាន​​សំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ ការជាប់ឆ្នោតនេះ​ត្រូវបានគេមើល​ឃើញថា ដោយសារតែលោក​ដើរលើ​គោលនយោបាយ​​​បែបផ្សះផ្សា ដែលនឹង​ធ្វើឲ្យស្ថានភាពក្តៅគគុកនៅ​ឧបទ្វីប​កូរ៉េ ចុះត្រជាក់វិញ៕