(​សេអ៊ូល)៖ កូរ៉េខាងត្បូង​បាននិយាយថា កូរ៉េខាងជើង​គួរតែចាកចេញឱ្យឆ្ងាយពី​ទង្វើឆ្កួតលីលា ដូចជាការធ្វើតេស្ដ​សាកល្បងអាវុធ​នុយក្លេអ៊ែរសាជាថ្មី ខណៈប្រធានាធិបតី​ថ្មី លោក Moon Jae in ​ក៏បានព្រមានផងដែរ ចំពោះសកម្មភាព​បង្ករឿងរបស់​ទីក្រុងព្យុងយ៉ាង។ នេះបើតាមការបញ្ជាក់ពីក្រសួង​បង្រួបបង្រួមជាតិ កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Lee Duk-hang បានលើកឡើងយ៉ាងខ្លីដូច្នេះថា «លោក Moon បានព្រមានថា បើសិនជា​កូរ៉េខាងជើងដឹកនាំការ​ធ្វើការបាញ់សាកល្បង​មីស៊ីលជាថ្មី នោះអ្វីគ្រប់យ៉ាង​រួមទាំងកិច្ចសន្ទនាអន្តរកូរ៉េ គ្មានថ្ងៃកើតឡើង​ជាដាច់ខាត»។ ​ដោយឡែក​ទាក់នឹងបញ្ហានេះ​ដែរ អតីតអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំប្រទេស​អង់គ្លេសដែលកំពុងរស់​នៅនិរទេសខ្លួន​នៅកូរ៉េខាងត្បូង បាននិយាយ​នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន៍ Sky news ថា ទីក្រុងព្យុងយ៉ាងនឹងធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ​ជាលើកទី០៦ គ្រប់ពេលវេលា​ឱ្យតែមានបញ្ជាពី​មេដឹកនាំ លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន កូរ៉េខាងជើង​បានសាកល្បងអាវុធនុយក្លេអ៊ែរ​ចំនួន០៥លើករួចមកហើយ បើទោះជា​មានការថ្កោលទោស និងទណ្ឌកម្ម​សេដ្ឋកិច្ចពីសហគមន៍​អន្តរជាតិក៏ដោយ។ កូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរ​ជាលើកដំបូង នៅឆ្នាំ២០០៦ លើកទី០២នៅឆ្នាំ២០០៩ និងលើកទី០៣ ក្នុងឆ្នាំ២០១៣ ហើយលើកទី០៤ និង០៥ ត្រូវបានធ្វើ​ឡើងកាលពីឆ្នាំ២០១៦៕