(ប៉េកាំង)៖ ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង ដែលជាមេដឹកនាំប្រទេសក្បែរខាងកូរ៉េខាងត្បូងមួយដែរនោះ បានផ្ញើសារ​អបអរសាទរ លោក មូន ចែអ៊ីន (Moon Jae-in) ដែលបានឈ្នះឆ្នោត និងស្បថឡើងកាន់​តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងសារនោះលោក ស៊ី បានរំលឹកឡើងវិញអំពី​ទំនាក់ទំនង​ការទូត​រវាងប្រទេសក្បែរ​ខាងទាំងពីរ ដែលបាន​សម្រេចចេញ​ជាផ្លែផ្កាក្នុង​រយៈពេល ២៥ឆ្នាំកន្លងផុតទៅ ហើយចិនមាន​ឆន្ទៈក្នុងការធានារក្សា​ឲ្យបាននូវ​ទំនាក់ទំនង​ប្រកបដោយ​ភាពវិជ្ជមាននេះ ជាមួយមេដឹកនាំ​កូរ៉េខាងត្បូង​ថ្មីបន្តទៅទៀត។ លោក ស៊ី បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «ខ្ញុំពិតជាចង់បំពេញ​ការងារជាមួយអ្នក ដើម្បីធានាឲ្យ​បាននូវការអភិវឌ្ឍ​ទំនាក់ទំនង​ចិន-កូរ៉េខាងត្បូង ដើម្បីទទួលបាន​ផលប្រយោជន៍កាន់តែ​ប្រសើរឡើង សម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ»

គួរបញ្ជាក់ថា គោលនយោបាយលោក មូន ចែអ៊ីន ដែលគ្រប់គ្នាមើលឃើញនោះ គឺមានចំណុចជាច្រើន​ដែលសមស្របទៅតាម​អ្វីដែល​ចិនចង់បាន ដូចជាការប្តេជ្ញារបស់លោក ក្នុងការស្តារទំនាក់ទំនងប្រសើរឡើង​ជាមួយកូរ៉េខាងជើង, ការប្រឆាំងការដាក់​ពង្រាយប្រព័ន្ធ​ការពារមីស៊ីល THAAD និងការរក្សា​ទំនាក់ទំនងមិនឲ្យ​ជិតស្និទ្ធខ្លាំងពេក​ជាមួយសហរដ្ឋអាមេរិកជាដើម។ លោក មូន បានទទួលសំឡេង​គាំទ្រនាំ​មុខគេខ្លាំង​រហូតដល់ ៤១.០៨ភាគរយ តាមពីក្រោយ​ដោយ លោក Hong Joon-pyo ដែលទទួលបាន​​សំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ៕