(សេអ៊ូល)៖ ទីបំផុតនៅថ្ងៃពុធនេះ ក្រោយការប្រកាសលទ្ធផលជាប់ឆ្នោតជាផ្លូវការតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក មូន ចែអ៊ីន (Moon Jae-in) បានធ្វើពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ​នៅក្នុងរដ្ឋសភាជាតិ នៃរដ្ឋធានីសេអ៊ូល ដោយមានការអបអរសាទរពីប្រជាជនកូរ៉េខាងត្បូង នៅគ្រប់ទិសទីទូទាំងប្រទេសអាស៊ីឦសានមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

លោក មូន ចែអ៊ីន មានអាយុ ៦៤ឆ្នាំ គឺជាប្រធានាធិបតីទី១២ របស់ប្រទេសកូរ៉េខាងត្បូង ដែលបន្តតំណែង​ពីរដ្ឋាភិបាលអាណត្តិមុន ដែលគ្រប់គ្រងដោយគណបក្សអភិរក្សនិយមរបស់ លោកស្រី ផាក គឺនហេ ដែលកំពុងជាប់ឃុំខ្លួន និងទទួលការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយ ជាមួយមិត្តជិតស្និតលោកស្រី ឈ្មោះ ឆយ ស៊ូនស៊ីល ដែលបាននាំឲ្យលោកស្រីត្រូវធ្លាក់ពីតំណែងយ៉ាងអាម៉ាស់បំផុត។

គួរបញ្ជាក់ថា លោក មូន បានទទួលសំឡេងគាំទ្រនាំមុខគេខ្លាំងរហូតដល់ ៤១.០៨ភាគរយ តាមពីក្រោយ​ដោយ លោក Hong Joon-pyo ដែលទទួលបាន​​សំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ ការជាប់ឆ្នោតនេះ​ត្រូវបានគេមើល​ឃើញថា ដោយសារតែលោក​ដើរលើ​គោលនយោបាយ​​​បែបផ្សះផ្សា ដែលនឹង​ធ្វើឲ្យស្ថានភាពក្តៅគគុកនៅ​ឧបទ្វីប​កូរ៉េ ចុះត្រជាក់វិញ៕