(សេអ៊ូល)៖ ស្របទៅតាមអ្វីដែលធ្លាប់បានសន្យា កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ក្រោយជាប់ឆ្នោតភ្លាមៗបានបង្ហាញពីបំណង​ចង់បំពេញដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសកូរ៉េខាងជើង នៅពេលវេលាដ៏សាកសមមួយ ដែលជាសញ្ញា​បង្ហាញអំពីការចង់បានទំនាក់ទំនងល្អ ជាមួយនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅមុននេះ​បន្តិចនាព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧៕

នៅក្នុងអំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Moon ធ្លាប់បានសន្យាថា លោកនឹង​ដំណើរការ​ឡើងវិញនូវ​កិច្ចសន្ទនា ឬកិច្ចចរចា​ជាមួយទីក្រុង​ព្យុងយ៉ាង ក៏ដូចជាដើរតួនាទី​យ៉ាងសកម្ម ផ្អែកលើ​វិធានការការទូត សំដៅបញ្ឈប់​មហិច្ឆិតាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លង​ទ្វីបរបស់កូរ៉េខាងជើង។ លើសពីនេះទៅទៀត ដើម្បីបន្ទន់ចិត្ត​កូរ៉េខាងជើង លោកផ្ទាល់ថែម​ទំាងបានបង្ហាញពី​គោលជំហរទន់ភ្លន់ ដោយបាន​ជំទាស់នឹង​គោលនយោបាយ​ដាក់ពង្រាយប្រព័ន្ធ​មីស៊ីល THAAD និងមានបំណង​បើកតំបន់​ឧស្សាហកម្មកែសុង ដែលផ្ដល់ការងារ​ដល់ប្រជាជន​កូរ៉េខាងជើងរាប់ពាន់នាក់ឡើងវិញ​ទៀតផង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​ដ៏មហាកម្រ​បែបនេះ ក៏ធ្លាប់បានកើត​ឡើងម្ដងរួចហើយនៅ​សម័យអតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក Kim Dae jung កាលពី​ឆ្នាំ២០០០ តែភាពធូរស្រាល​នៃទំនាក់ទំនងរវាង​បងប្អូនកូរ៉េទាំងពីរ ត្រឹមតែរយៈពេលខ្លី​ប៉ុណ្ណោះ ដោយសារតែ​កូរ៉េខាងជើងនៅ​តែបន្តបាញ់សាកល្បង មីស៊ីលផ្លោង​ជាបន្តបន្ទាប់។ ដោយឡែក ជុំវិញសំណុំ​រឿងនេះដែរ លោក Moon Jae-in បានបញ្ជាក់ឡើងវិញថា លោកក៏នឹង​បំពេញដំណើរ​ទស្សនកិច្ចទៅ កាន់សហរដ្ឋអាមេរិក​ផងដែរ ហើយថា​ នឹងធ្វើកិច្ចចរចាជាថ្មីជាមួយទីក្រុង​វ៉ាស៊ីនតោន និងចិន ដើម្បីដោះស្រាយ​បញ្ហាពាក់ព័ន្ធ​នឹងការដាក់​តំឡើង THAAD៕