(សេអ៊ូល)៖ ជ័យជម្នះរបស់លោក Moon Jae-in ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី មិនបានធ្វើគេគ្រប់គ្នា​ភ្ញាក់ផ្អើលអ្វីធំដុំ​នោះទេ ព្រោះគេបាន​រំពឹងទុករួចជាមុនទៅហើយថា​ អ្នកនយោបាយជើងចាស់​មានជំហរទន់ភ្លន់ជាមួយ​កូរ៉េខាងជើងរូបនេះ នឹងឈ្នះនៅក្នុងការ​បោះឆ្នោត។ តែអ្វីដែលគេកំពុង​រង់ចាំមើល នោះគឺថា​ លោកនឹងធ្វើតាមពាក្យ​សន្យារបស់ខ្លួន​បានដល់​កម្រិតណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

បើគេចាំមិនភ្លេចទេ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Moon ធ្លាប់បានសន្យាថា លោកនឹងដំណើរការ​ឡើងវិញកិច្ចសន្ទនា ឬកិច្ចចរចា ជាមួយទីក្រុង​ព្យុងយ៉ាង ក៏ដូចជាដើរតួនាទី​យ៉ាងសកម្ម ផ្អែកលើវិធានការ​ការទូត សំដៅបញ្ឈប់​មហិច្ឆតាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង។ លើសពីនេះទៅទៀត ដើម្បីបន្ទន់ចិត្ត​កូរ៉េខាងជើង លោកផ្ទាល់​ថែមទំាង​បានបង្ហាញពីគោលជំហរ​ទន់ភ្លន់​ ដាក់បងប្អូនខាងជើងថែមទៀតផង ដោយបាន ជំទាស់នឹងគោលនយោបាយ​​ដាក់ពង្រាយប្រព័ន្ធ​មីស៊ីល​ THAAD និងមានបំណង​បើកតំបន់​ឧស្សាហកម្មកែសុង ដែលផ្ដល់ការងារ​ដល់ប្រជាជន​កូរ៉េខាងជើង រាប់ពាន់នាក់ឡើងវិញទៀតផង។

ទោះយ៉ាងណាក៏ដោយ​អ្នកជំនាញមួយ​ចំនួនដូចជា លោក Kim Yong-hyun យល់ថា មហិច្ឆិតាផ្សះផ្សា​របស់លោក Moo​n នឹងប្រឈមមុខនឹង​ឧបសគ្គដ៏លំបាកបំផុត ត្បិតដើម្បីចរចា​ជាមួយកូរ៉េខាងជើង លុះត្រាតែ​ទីក្រុងព្យុងយ៉ាង បញ្ឈប់ការ​សាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង​ជាមុនសិន។ ម្យ៉ាងវិញទៀត​បើកូរ៉េខាងជើង នៅតែមានអាវុធ​នុយក្លេអ៊ែរ លោក Moon ខ្លួនឯង ក៏នឹងមិនអាចទុកចិត្ត​ទៅអង្គុយចរចាជាមួយ របបដឹកនាំលោក គីម ជុងអ៊ុន បានដែរ ហើយមុខជា​ត្រូវការ​សហរដ្ឋអាមេរិក​ ជាខ្នងបង្អែកដដែល។

គួរបញ្ជាក់ថា លោក Moon Jae in បានជាប់ឆ្នោត​ក្លាយជាប្រធានាធិបតី​កូរ៉េខាងត្បូង​ ដោយទទួលបាន​សំឡេងគាំទ្រ ៤១.០៨ភាគរយ តាមពីក្រោយ​ដោយ លោក Hong Joon-pyo ដែលទទួលបាន​សំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ លោកនឹងត្រូវឡើង​កាន់តំណែង ភ្លាមនៅថ្ងៃពុធនេះ​តែម្ដង៕