(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញនាយកការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI ​លោក James Comey ចេញ ពីតំណែង ដែលនេះគឺជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល កំពុងបង្កជាភាពចម្រូងចម្រាស់ជាថ្មី នៅក្នុងចំណោមអ្នកនយោបាយអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ដូច្នេះថា៖ «FBI គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទំាងឡាយរបស់សហរដ្ឋអាមេ រិក ដែលគួរឱ្យគោរពជាទីបំផុត។ ប៉ុន្តែនៅថ្ងៃនេះនឹងមានការចាប់ផ្ដើមថ្មីមួយ សម្រាប់ទីភ្នាក់ងារយុត្តិធម៌នៃយើងគ្រប់គ្នាមួយនេះ នោះគឺការស្វែងរកនាយក FBI ថ្មី»។ ដោយឡែកយោងតាមសារ Email ផ្ញើជូនលោក James Comey នឹងចេញផ្សាយជាសាធារណៈ, ខាងសេតវិមានក៏បានទទួលស្គាល់ ព័ត៌មាននេះដែរ ដោយនិយាយថា លោក ត្រាំ បានបញ្ចប់តួនាទីនាយក FBI រូបនេះ ក្រោមហេតុផលលោក Comey មិនមានសមត្ថភាពដឹកនាំស្ថាប័នរបស់ ខ្លួនឱ្យមានប្រសិទ្ធិភាព។

ប៉ុន្តែយ៉ាងណាក៏ដោយ ការបណ្ដេញលោក James Comey មានអាយុ៥៦ឆ្នាំ ចេញពីតំណែង ធ្វើឡើងនៅចំពេលដែល FBI កំពុងដឹកនាំការស៊ើបអង្កេត ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ី។ ម្យ៉ាងវិញទៀត ក្រោយឡើងកាន់អំណាច នៅថ្ងៃទី២០ ខែមករា គឺលោក ត្រាំ ខ្លួនឯង ជាអ្នកស្នើសុំឱ្យលោក Comey កាន់តំណែងជានាយក FBI ​ដដែល ត្បិតលោកបានសរសើរមិនដាច់ពីមាត់ថា លោក Comey ជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរព៕