(សេអ៊ូល)៖ ដូចការរំពឹងទុក នៅទីបំផុត លោក Moon Jae-in បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងហើយ ដោយទទួលបានសំឡេងគាំទ្រ ៤១.០៨ភាគរយ តាមពីក្រោយដោយ លោក Hong Joon-pyo ដែលទទួលបានសំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ នេះបើតាមគណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត​កូរ៉េខាងត្បុង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹក ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។

ការបោះឆ្នោតមុនអណត្តិនេះធ្វើឡើង បន្ទាប់ពីលោកស្រី ផាក គឺនហេ ដែលត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងដោយសារតែរឿង អាស្រូវពុករលួយ ឆយ ស៊ូនស៊ីល កាលពីខែមីនា។ ម្យ៉ាងវិញទៀត តាមរយៈជ័យជម្នះនេះ លោក Moon បានក្លាយជាប្រធានាធិតបតីកូរ៉េខាងត្បូងទី១៩ ដែលមិនមែនមកពីគណបក្ស ឬអ្នកនយោបាយអភិរក្សនិយម ដែលកូរ៉េខាងជើង តែងតែចាត់ទុកថា ជាមេបង្កបញ្ហានៅក្នុងតំបន់ឧបទ្វីបកូរ៉េបច្ចុប្បន្ន។ ក៏ប៉ុន្តែ អ្វីដែលគេកំពុងរង់ចាំមើល នោះថាតើនយោបាយកូរ៉េខាងត្បូង ចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងផ្លាស់ប្ដូរទាំងស្រុងដែរឬទេ? ត្បិតលោក ធ្លាប់បានបង្ហាញពីគោលជំហរ ប្រឆាំងនឹងនយោបាយមួយចំនួន របស់លោក ដូណាល់ ត្រាំ ជាពិសេស គឺការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD និងការប្រើបា្រស់កម្លំាងយោធាប្រឆាំងកូរ៉េខាងជើងជាដើម។ មិនតែប៉ុណ្ណោះ លោក Moon ក៏បានអះអាងផងដែរថា លោកមានបំណងចង់ចរចា ជាមួយកូរ៉េខាងជើង និងបើកតំបន់ឧស្សហកម្មកេសុង ហើយបើចាំបាច់បំផុត លោកថាទំនាក់ទំនងស្អិតរមួតជាមួយទីក្រុងវ៉ាស៊ីនតោន អាចមិនបាច់មាន ក៏បាន។

តែទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញ នៅតែយល់ថា វាគ្រាន់ការនិយាយដើម្បីទាក់ទាញប្រជាប្រិយភាពប៉ុណ្ណោះ ព្រោះលោកដឹងថាប្រជាជន កូរ៉េខាង ត្បូង មិនចង់ឃើញសង្រ្គាមផ្ទុះឡើង ជាមួយកូរ៉េខាងជើង ហើយណាមួយ ផ្អែកលើអកប្បកិរិយា របស់កូរ៉េខាងជើង បច្ចុប្បន្ន លោក Moon ក៏ទំនងជាដឹង ក្នុងចិត្តយ៉ាងច្បាស់ដែរថា ការចរចាជាមួយរបបដឹកនាំ លោក គីម ជុងអ៊ុន មិនអាចធ្វើទៅរួចនោះទេ ដរាបណា ទីក្រុងព្យុងយ៉ាង នៅតែមានអាវុធនុយក្លេ អ៊ែរ ដែលនេះជាមូលហេតុ ដែលកូរ៉េខាងត្បូង នៅតែត្រូវការសហរដ្ឋអាមេរិកជាដាច់ខាត៕