(បាងកក)៖ ក្រុមសកម្មប្រយុទ្ធបំបែករដ្ឋ នៅឯភាគខាងត្បូងប្រទេសថៃ ត្រូវបានគេសង្ស័យថាជាអ្នកដឹកនាំការវាយប្រហារបំផ្ទុះរថយន្ដ នៅថ្ងៃអង្គារនេះ នៅខាងក្រៅបរិវេណផ្សារទំនើបមួយកន្លែង ស្ថិតនៅក្នុងខេត្ត Pattani ដោយបណ្ដាលឱ្យមនុស្ស៦០នាក់ រងរបួស។ នេះបើតាមអាជ្ញាធរ នៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Arun Prasertsuk ជាអនុប្រធានមន្ទីពេទ្យ Pattani Hospital បានឱ្យដឹងដូច្នេះថា មនុស្សយ៉ាងហោចណាស់៦០នាក់ បានរងរបួស ក្នុងនោះ២០របួសធ្ងន់ ដោយសារតែការវាយប្រហារបំផ្ទុះរថយន្ដ ដែលបានបង្កជាការខូចខាតសម្ភារៈមួយចំនួនផងដែរ។ ភ្លាមៗពុំទាន់មាន ក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុមអាជ្ញាធរថៃ សង្ស័យថាវាជាស្នាដៃរបស់ក្រុមឧទ្ទាមបំបែករដ្ឋនៅភាគខាងត្បូងនៃប្រទេស។

គួរបញ្ជាក់ថា អំពើហិង្ស រវាងក្រុមឧទ្ទាមបំបែករដ្ឋ ជាមួយអាជ្ញាធរថៃ នៅតំបន់ភាគខាងត្បូង នៃប្រទេសដូចជា ខេត្ត Yala, Pattani និងខេត្ត Narathiwat បានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៦,៥០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤មក៕