(សេអ៊ូល)៖ ក្រោយពីបញ្ចប់ការបោះឆ្នោតនៅកូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ, តាមការស្ទង់មតិនៃលទ្ធផលបោះឆ្នោត បង្ហាញថា លោក Moon Jae-in អាចនឹងជាប់ឆ្នោតជាប្រធានាធិបតីថ្មី, នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។

អ្វីដែលសំខាន់នោះ គឺថាលោក Moon ជាអ្នកនយោបាយម្នាក់ ដែលអាចនឹងធ្វើឱ្យ​នយោបាយ​កូរ៉េ​ខាង​ត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់​ឆ្នោត​មែន​នោះ។ លោកធ្លាប់បានបង្ហាញពីគោលជំហរ ប្រឆាំងនឹងនយោបាយមួយចំនួន របស់លោក ដូណាល់ ត្រាំ ជាពិសេស គឺការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD​ និងការប្រើបា្រស់កម្លំាងយោធាប្រឆាំងកូរ៉េខាងជើង ជាដើមពោល​គឺ​សម្រាប់លោក ដើម្បីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូល គួរតែអនុវត្តនយោបាយអព្យាក្រឹតនិងប្រើប្រាស់​ វិធី​សាស្ត្រ​បញ្ចុះ​បញ្ចូល​ឱ្យបងប្អូនខាងជើងមួយនេះ ងាកមករកតុចរចាឡើងវិញ ហើយទំនាក់ទំនងនឹង​ទី​ក្រុង​វ៉ាស៊ីន​តោន មិនបាច់រឹងមាំពេកក៏បានដែរ៕