(សេអ៊ូល)៖ នាវាចម្បាំងនៃកងទ័ពជើង​អាមេរិកមួយគ្រឿង បានបុកគ្នាជា​មួយកប៉ាល់នេសាទមួយគ្រឿង​ផ្សេងទៀត របស់​​ប្រទេសកូរ៉េខាងត្បូង​នៅ​​សមុទ្រខាងកើត នាថ្ងៃអង្គារនេះ នៅអំឡុងបំពេញបេសកកម្ម​ហ្វឹកហ្វឺនរបស់ខ្លួន។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌​មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាច​ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

ប្រភពពីមន្រ្តីយោធា​អាមេរិកបានឲ្យដឹងថា «គ្រោះថ្នាក់មួយបាន​កើតឡើងរវាងនាវាចម្បាំង​អាមេរិក USS Lake Champlain និង​កប៉ាល់នេសាទកូរ៉េខាងត្បូង 502 Namyang នៅក្នុងដែនទឹក​ភាគខាងត្បូងកោះ Ulleung នាវេលារសៀល​ថ្ងៃ​អង្គារនេះ​»។ ក៏ប៉ុន្តែអាជ្ញាធរការពារជាតិ​រូបនេះបាន​បន្ថែមថា ពុំមានសេចក្តីរាយការណ៍​ស្តីពីអ្នករងគ្រោះ ដោយសារ​ហេតុការណ៍​​នេះ​ឡើយ​។

គួរបញ្ជាក់ថា ជាផ្នែកមួយ​នៃក្រុមនាវាដឹក​យន្តហោះចម្បាំង Carl Vinson នាវាចម្បាំងខាងលើ កំពុងចូលរួម​សមយុទ្ធ​រួមគ្នា​​ជាមួយ​កងទ័ពជើងទឹក​កូរ៉េខាងត្បូង នៅតំបន់ឧបទ្វីបកូរ៉េ រួមជាមួយនាវា​យោធាដទៃៗ​មួយចំនួនទៀត ដូចជានាវា​ផ្ទុកយន្ត​ហោះចម្បាំង USS Carl Vinson ផ្ទាល់ ក៏ដូចជានាវាពិឃាត USS Wayne E. Meyer និង USS Michael Murphy៕