(ហ្សាការតា)៖ តុលាការនៃប្រទេស​ឥណ្ឌូណេស៊ីនៅ​ថ្ងៃអង្គារនេះ បានសម្រេច​សាលក្រមកាត់ទោស​អភិបាលក្រុងហ្សាការតា​ ដែលជាអ្នកកាន់​សាសនាគ្រិស្ត ដាក់ពន្ធនាគារ​រយៈពេលពីរឆ្នាំ ដោយសារតែ​បានពោលពាក្យ​ប្រមាថ​មើល​ងាយ​ ​ដល់​ព្រះ​គម្ពីកូរ៉ាន់ (Koran) ​របស់​សាសនាអ៊ីស្លាម។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

ប្រធានចៅក្រម​នៃតុលាការខាងលើ​បានឲ្យដឹងថា «លោក Basuki Tjahaja Purnama ហៅ Ahok ត្រូវ​បានរកឃើញថា ពិតជា​មានទោសពីបទឧក្រិដ្ឋប្រមាថមើលងាយមែន ហេតុដូច្នេះហើយ​យើងបានសម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគាររូបលោក​ចំនួន​ពីរឆ្នាំ» និងបានចេញដីកា​ឲ្យធ្វើការចាប់​ខ្លួនលោក Purnama ជាបន្ទាន់។ យ៉ាងណាមិញ​លោក Purnama បាន​ប្រកាស​ភ្លាម​ៗថា ​លោក​នឹងប្តឹងជំទាស់​សាល​ក្រម ក៏ដូចជាការ​ទាមទារឲ្យការសេចក្តីនេះឡើងវិញ។

គួរបញ្ជាក់ថា កម្រិតនៃការកាត់ទោស​អតិបរមា សម្រាប់សំណុំរឿងប្រមាថ​មើលងាយវត្ថុសក្តិសិទ្ធ នៅក្នុងប្រទេស​ដែល​មានអ្នកកាន់សាសនាអ៊ីស្លាម​រស់នៅ​ ភាគច្រើននេះគឺរយៈពេល០៥ឆ្នាំ៕