(សេអ៊ូល)៖​ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​កូរ៉េខាងត្បូង NEC បានឱ្យដឹងថា អាត្រានៃ​អ្នកមានសិទ្ធិចូលរួមបោះឆ្នោត ដែលបាន និងកំពុងទៅចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអង្គារនេះ បានកើនឡើងដល់ទៅអត្រាជាង ៦៣ភាគរយឯណោះ ដែលវាជាអត្រាមួយលើសពី​អាណត្តិមុនៗទៅទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាល្ងាចថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ NEC បានបញ្ជាក់ទៀតថា អត្រាអ្នកចូលរួម​បោះឆ្នោត ៦៣.៧ភាគរយនេះ ឬស្មើនឹង ២៧.០៦លាននាក់​បានបោះឆ្នោតរួច​គិតត្រឹមម៉ោង ៣៖០០នាទីរសៀល (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល) ពោលគឺរយៈពេល ៩ម៉ោងបន្ទាប់ពី​ការិយាល័យបោះឆ្នោត​ចំនួន ១៣,៩៦៤កន្លែង បើកទ្វារតាំងតែ​ពីម៉ោង ៦៖០០នាទីព្រឹក ហើយនឹងត្រូវបិទទា្វរ​រាប់សន្លឹកឆ្នោត​នៅម៉ោង៨យប់។ បន្ថែមពីលើនេះ ចំនួនអ្នកចូលរួម​នៅលើកនេះគឺ​ខ្ពស់ជាង ៤.៤ ភាគរយ បើធៀបទៅនឹងរយៈពេល ដូចគ្នានៃការ​បោះឆ្នោត​កាលពីឆ្នាំ២០១២ ដែលមានអាត្រា​​អ្នកចូលរួម ៥៩.៣ភាគរយ។

គួរបញ្ជាក់ថា បើតាម NEC​ ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង ៤២.៤៨លាននាក់មានសិទ្ធិ ឬគ្រប់អាយុបោះឆ្នោត ដែលស្មើនឹង ៨២ភាគរយ​នៃប្រជាជនសរុបទំាង​អស់ ៥១លាននាក់។ សម្រាប់មូលហេតុដែលនាំឲ្យ​ប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលមានសិទ្ធិបោះឆ្នោត បានទៅចូលរួមកើនឡើងបែបនេះ ត្រូវបានគេផ្តោត​សំខាន់ទៅលើកត្តាពីរយ៉ាងធំៗ នោះគឺបញ្ហាសន្តិសុខជាតិចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង និងរឿងអាស្រូវពុករលួយរបស់អតីតប្រធានាធិបតី ផាក គឺនហេ ដែលបានបង្កជាបញ្ហារាំងស្ទះយ៉ាងខ្លាំង​ដល់ការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិមុន៕