(កាប៊ុល)៖ កងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន បានបន្តបោសសម្អាត​ក្រុមសកម្មប្រយុទ្ធនៅក្នុងបណ្តាខេត្ត​មួយចំនួន និងបាន​ផ្តាច់ជីវិត​សមនុស្សចំនួន ៧១នាក់ នៅក្នុងប្រតិបត្តិការ​យោធាចុងក្រោយ​បំផុត។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខ​ និងការពារជាតិ​អាហ្វហ្គានីស្ថាន​ បានបើក​ប្រតិបត្តិការ​បោសសម្អាត នៅតាមបណ្តាខេត្ត​មួយចំនួន​នារយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយលទ្ធផល​បាន​ផ្តាច់ជីវិត​ជនសកម្មប្រយុទ្ធ​ប្រដាប់អាវុធចំនួន ៧១នាក់ ធ្វើឲ្យរបួស ៣៥នាក់ និងចាប់ខ្លួនបាន ០៧នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការ​ខាងលើ​ ដែលបានធ្វើឡើង​នៅក្នុងខេត្តចំនួន ១៧ ក្នុងចំណោមខេត្ត​ទាំង ៣៤ ​របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ កងទ័ព​អាហ្វហ្គានីស្ថានក៏បានរកឃើញ​ និងរឹបអូសយក​សព្វាវុធជាច្រើន​ប្រភេទ​ផង​ដែរ ដោយ​មិន​បាន​​បញ្ជាក់​ច្បាស់​ថា​ តើ​មាន​អ្នក​រង​គ្រោះ​ នៅ​ខាង​ភាគី​កងកម្លាំងសន្តិសុខ​ដែរ ឬយ៉ាងណានោះទេ។ បន្ថែមពីនេះ​​ពួកគេថែមទាំងបាន​ដោះគ្រាប់បែក​​​តាមដងផ្លូវ និងគ្រាប់មីន​មួយចំនួន​ទៀតដែរ៕