(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់​នឹងរៀបចំការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី នៅថ្ងៃទី១៩​ ខែឧសភា​ខាងមុខនេះ នៅក្នុងបរិបទ​ដែលទំនាក់ទំនងរវាងទីក្រុង​តេហេរ៉ង់ និងទីក្រុង​វ៉ាស៊ីនតោន ចាប់ផ្ដើមតានតឹង​ឡើងវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោត​ជាប្រធានាធិបតីអាមេរិក ហើយនេះគឺជា​បញ្ហាដែល​ប្រធានាធិបតីថ្មី ត្រូវដោះស្រាយ​នៅចំមុខការពង្រីក​ឥទ្ធិពលអាមេរិក​ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

រាប់ចាប់តាំងពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧មក វាមានរយៈពេល​មួយខែ នៃការប្រកួតប្រជែង​រវាងបេក្ខជន​ប្រធានាធិបតី​រហូតដល់ថ្ងៃទី១៨ ខែឧសភា។ បន្ថែមពី​លើនេះ​បេក្ខជន ១,៦៣៦នាក់ បានចុះឈ្មោះ​ជាបេក្ខភាព​ប្រធានាធិបតី ក៏ប៉ុន្តែ​គេនឹងជម្រុះយកតែ ០៦នាក់ប៉ុណ្ណោះ ក្នុងនោះរួមមាន​ទំាងអ្នកអភិរក្សនិយម និងអ្នកកណ្ដាលនិយម ដែលនឹងប្រកួត​ប្រជែងគ្នា ដើម្បីគ្រងតំណែង​ប្រធានាធិបតី​សម្រាប់អាណត្តិ០៤ឆ្នាំ។

គួរបញ្ជាក់ថា នៅថ្ងៃបោះឆ្នោត​ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ក្រុមអ្នកកណ្ដាល​និយម​ដឹកនាំដោយ​ប្រធានាធិបតី​អ៊ីរ៉ង់បច្ចុប្បន្ន លោក ហាស្សាន រួហានី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងឈ្នះ​នៅក្នុងការបោះឆ្នោត ហើយបន្តកាន់តំណែង​ប្រធានាធិបតីមួយអាណត្តិទៀត។ សម្រាប់បញ្ហា​ដែល​ប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខខ្លាំងដដែលនោះ គឺការប្រឈមមុខផ្នែកការទូត និងសន្តិសុខជាមួយ​សហរដ្ឋ​អាមេរិក ព្រមទាំងការចោទប្រកាន់ថា រដ្ឋអ៊ីស្លាមមួយនេះ​កំពុងលួចទាក់ទង​ទិញដូរបច្ចេកវិទ្យាមីស៊ីលខុស​ច្បាប់ពីប្រទេសកូរ៉េខាងជើង​ជាដើម៕