(ហាណូយ)៖ ប្រតិបត្តិករ​នៃរោងចក្រចម្រាញ់​ប្រេងឆៅ Dung Quat របស់វៀតណាម បានផ្ញើលិខិត​អញ្ជើញទៅកាន់​ក្រុម​ហ៊ុន​​វិនិយោគទុនទាំងក្នុង និងនៅក្រៅប្រទេស ដោយអំពាវ​ឲ្យពួកគេជួយ​ទិញភាគហ៊ុន។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀល​​ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

យោងតាមក្រុមហ៊ុន​ប្រេងឥន្ទនៈរដ្ឋ PetroVietnam (PVN) ដែលជាម្ចាស់រោងចក្រ​ចម្រាញ់ប្រេង Dung Quant ភាគហ៊ុន​របស់​រោងចក្រ​ចម្រាញ់ប្រេង​ដ៏ធំជាងគេបំផុត នៅក្នុងប្រទេស​វៀតណាមនេះ នឹងត្រូវដាក់លក់​ជាសាធារណៈផ្លូវការ នាចុង​ឆ្នាំ​២០១៧នេះ​ហើយ។ PVN បានឲ្យដឹងទៀតថា​ ការធ្វើបែបនេះ គឺដើម្បីបង្វិលទុនសម្រាប់​គម្រោងយុទ្ធសាស្រ្ត​ផ្សេងៗ​នាពេលអនា​គត និងដើម្បីបង្កើន​តម្លាភាព ក៏ដូចជាផលប្រយោជន៍ម្ចាស់ភាគហ៊ុន។

គួរបញ្ជាក់ថា រោងចក្រ​ចម្រាញ់ប្រេង Dung Quat ដែលមានតម្លៃ​បីពាន់លានដុល្លារនេះ បានចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​កាល​ពី​ឆ្នាំ២០០៩ ជាមួយលទ្ធភាព​នៃការចម្រាញ់ប្រេងឆៅ​ក្នុងមួយឆ្នាំៗ ៦.៥លានតោន ឬស្នើនឹង ១៣០,៥០០បារ៉ែលក្នុងថ្ងៃ៕