(ប៉ារីស)៖ ទំនាក់ទំនងស្នេហារវាង​ប្រធានាធិបតីទើបជាប់ឆ្នោត​របស់បារាំង លោក Emmanuel Macron និងលោកស្រី Brigitte Trogneux កំពុងទាក់ទាញចំណាប់អារម្មណ៍​មនុស្សទូទំាង​ពិភពលោក បន្ទាប់ពីគេបានដឹងថា ភរិយារបស់លោក​មានវ័យចំណាស់ជាង​លោករហូតដល់ ២៤ឆ្នាំ។ «បើគ្មាននាង ខ្ញុំប្រហែល​មិនមែនជាខ្ញុំ​ក្នុងពេលនេះនោះ​ទេ» នេះជាសំដីរបស់​បុរសវ័យ ៣៩ឆ្នាំ ដែលបានប្រកាសក្នុងពេលដែលលោកទទួលបាន​ជោគជ័យ ក្នុងព្រឹត្តិការណ៍បោះឆ្នោត​ជុំទីមួយ ដែលប្រព្រឹត្តទៅកាល​ពីខែមេសាកន្លងទៅនេះ។

ទំនាក់ទំនងស្នេហា​ដ៏គួរចាប់អារម្មណ៍​របស់ពួកគេ ចាប់ផ្តើមឡើង​នៅពេលដែល​យុវជនវ័យ១៥ឆ្នាំ Macron ចូលរៀន​ដោយមាននាង Trogneux ជាគ្រូបង្រៀន​ផ្ទាល់តែម្តង។ នាង Trogneux កើតក្នុងគ្រួសារ​នៃវណ្ណៈគហបតី ជាកូនពៅក្នុងចំណោមបងប្អូនប្រាំមួយនាក់។ មិនខុសពី Macron នាងមានស្រុក​កំណើតនៅ​ក្នុងទីក្រុង Amiens ភាគខាងជើង​ប្រទេសបារាំង។ មុនពេលជួប​លោក Macron នាងរស់នៅក្នុងជីវិត​បែបសាមញ្ញៗ ដោយមានមុខរបរ​ជាគ្រូបង្រៀន​ភាសាបារាំង ភាសាឡាតាំង ព្រមទាំងបានរៀបការជាមួយបុគ្គលិក​ធនាគារម្នាក់គឺលោក Andre Louis Auziere និងមានកូនបីនាក់។ ស្ត្រីដែលមាន​កូនបីនាក់រូបនេះ បានលែងលះ​លោក Auziere ដែលជាស្វាមីទី​មួយក្នុងឆ្នាំ២០០៦។

មិនច្បាស់ថា​តើភាពផ្អែមល្ហែម​រវាងអ្នកទាំងពីរកើត​ឡើងនៅពេលណា​ពិតប្រាកដនោះទេ ប៉ុន្តែគ្រាន់តែដឹងថា លោក Macron បានសុំស្រឡាញ់​នាងក្នុងពេល​ដែលលោកស្ថិតក្នុងវ័យ​ ១៧ឆ្នាំ ទាំងដែលនាង​មិនទាន់លែងលះ​នៅឡើយ។ លោកបាន​លើកឡើងថា «មិនខ្វល់ថា​នាងធ្វើអ្វី ខ្ញុំនឹងរៀបការ​ជាមួយនាង»។ យ៉ាងនេះក្តី​ឪពុកម្តាយរបស់ Macron មិនយល់ព្រម​ចំពោះទំនាក់ទំនង​រវាងអ្នកទាំងពីរឡើយ។ ឪពុករបស់​លោកបានស្នើ​ឱ្យលោកស្រី Trogneux ចាកចេញពី​កូនប្រុសលោក ដោយរង់ចាំរហូតដល់លោក Macron ឈានដល់វ័យ ១៨ឆ្នាំជាមុនសិន។

សូមជម្រាប​ថា សូម្បី​លោក Philippe Besson ដែលជាមិត្តភិក្ត​ម្នាក់គូស្នេហ៍​ទាំងពីរក៏​បានទទួលស្គាល់​ផងដែរថា ក្នុងពេលនោះ​គ្មានអ្នកណាម្នាក់​ទទួលយកទំនាក់ទំនង​របស់អ្នកទាំង​ពីរឡើយ។ «អ្នកទាំងពីរ​មើលទៅមិនសាកសមគ្នា​ទាល់តែសោះ គ្មានការ​ទទួលស្គាល់​ពីគ្រួសារ ហើយត្រូវបាន​គេសើចចម្អក​ដោយសារវ័យ​ខុសគ្នាខ្លាំងពេក ជាពិសេស​គឺស្ត្រីជាមនុស្ស​ដែលមានវ័យចំណាស់​ជាងបែបនេះ»

បន្ទាប់ពីជម្នះ​ទៅលើ​ឧបសគ្គ​ផ្សេងៗ អ្នកទាំងពីរ​ក៏​បានរៀបការ​ជាមួយគ្នា​ក្នុង​ឆ្នាំ២០០៧ គឺរយៈពេលមួយឆ្នាំ បន្ទាប់​ពី​លោកស្រី Trogneux បានលែងលះ​ស្វាមីទីមួយ។ ក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា "Emmanuel Macron: A perfect young man" បានដកស្រង់សំដីរបស់លោកស្រី Trogneux ថា «គ្មានអ្នកណាម្នាក់ដឹងថា តើអ្វីដែលធ្វើឱ្យ​ទំនាក់ទំនងរបស់​យើងក្លាយជាស្នេហា​បែបនេះឡើយ នេះជាអាថ៌កំបាំង​របស់យើង»

ដោយឡែក​លោក Macron បានលើកឡើងថា «គ្រួសាររបស់​យើងមិនមែន​ជាគ្រួសារបុរាណ​នោះឡើយ វាជាការពិត។ ប្រឈមមុខ​នឹងឧបសគ្គបែបនេះ តើយើងគួរកាត់​បន្ថយក្តីស្រឡាញ់​ពីគ្រួសាររបស់​យើងមែនទេ តែខ្ញុំមិនធ្លាប់​គិតបែបនេះឡើយ វាប្រហែលជា​ខុសពីគ្រួសារ​សាមញ្ញផ្សេងៗទៀត»។ លោកក៏​ធ្លាប់បានលើក​ឡើងផងដែរថា «ឆ្លងកាត់ផ្លូវដើរ​អស់រយៈពេល​ជាយូរឆ្នាំ នាងបានក្លាយ​ជាអ្នកណែនាំ និងជម្រុញទឹក​ចិត្តខ្ញុំរហូត»

លោកស្រី Trogneaux បច្ចុប្បន្នស្ថិត​ក្នុងវ័យ ៦៤ឆ្នាំ ជាម្តាយដែល​មានកូន ០៧នាក់ ដែលនឹងក្លាយ​ជាស្ត្រីទីមួយរបស់ប្រទេសបារាំង​នៅសប្តាហ៍​ក្រោយនេះ។ ផ្ទុយពី​សហរដ្ឋអាមេរិក ស្វាមីភរិយារបស់​មេដឹកនាំប្រទេស​បារាំង មិនសូវបង្ហាញ​តួនាទីអ្វីសំខាន់ក្នុង​កិច្ចការសាធារណៈឡើយ។ ប៉ុន្តែលោក Macron ធ្លាប់បាន​លើកឡើងថា ប្រសិនបើលោក​ជាប់ឆ្នោត លោកនឹងផ្តល់​តួនាទីណាមួយ​ក្នុងជួររដ្ឋាភិបាល ដល់ភរិយា​របស់លោក៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា