(ម៉ូស្គូ)៖ ព្យុហយាត្រាយោធា ដើម្បីគោរពក៏ដូចជារំលឹកដល់គម្រប់ខួប ៧២ឆ្នាំ នៃជ័យ​​ជម្នះ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត ក្រោយ​ការ​បញ្ចប់សង្គ្រាមលោកលើកទីពីរ​ ដែលមានការចូលរួមពីកងទ័ព​ចំនួន ១០,០០១នាក់ និងគ្រឿងសព្វាវុធចំនួន១១៤ គ្រឿងរួម​ទាំង​​យន្ត​ហោះ ​និង​ឧទ្ធម្ភាគ​ចក្រ​៧២​គ្រឿងទៀតនោះ នឹងប្រារព្ធឡើងនៅតំបន់ Red Square នៃទីក្រុងម៉ូស្គូ នា​វេលា​ម៉ោង​ប្រមាណ ២៖០០នាទីរសៀល​ថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

ព្រឹត្តិការណ៍ខាងលើ​នេះរួមមាន​ផ្នែកសំខាន់ៗ​ចំនួនបីគឺ ការដង្ហែរក្បួននៃកងថ្មើរជើង, ការដង្ហែរក្បួនរថពាសដែក, និងការ​ហោះ​ហើរ​បង្ហាញរាង​ដោយឧទ្ធម្ភាគចក្រ ក៏ដូចជាយន្តហោះ​យោធា។

អ្វីដែលពិសេស​សម្រាប់ផ្នែក​គ្រឿងយន្ត​នៃព្យុហយាត្រានេះ គឺការចូលរួមពី​ប្រព័ន្ធ​​មីស៊ីល​​ប្រឆាំង​​​យន្ត​​ហោះ​​ចម្បាំង​​​កម្រិតខ្លី Tor-M2DT ដែលទើបនឹង​ត្រូវបានអភិវឌ្ឍន៍ថ្មី និងប្រព័ន្ធមីស៊ីល​ការពារដែនអាកាស Pantsir-SA ដែលសព្វាវុធទាំង​ពីរ​​ប្រភេទ​​នេះ ត្រូវបានរចនា​ឡើងដើម្បីធ្វើប្រតិបត្តិការ​នៅតំបន់ទឹកកក​អាកទិក ហើយ Tor-M2DT និង Pantsir-SA អាច​ត្រូវ​បាន​កត់​សម្គាល់​​ឃើញ​​​យ៉ាង​ច្បាស់​ខុសប្លែកពីគេ​​ ដោយសារ​តួខ្លួន​ពណ៌ប្រផេះ​របស់គ្រឿងយន្ត​ទាំងនេះ។ ក្រៅពីនេះ​ រថក្រោះ T-72B3M ជំនាន់ថ្មី ក៏នឹងចូលរួម​ជាលើកដំបូង​ផងដែរ។

គួរបញ្ជាក់ថា ពិធីអបអរនាថ្ងៃនេះ​នឹងបិទបញ្ចប់ទៅវិញ ជាមួយ​ការបាញ់កាំជ្រួច​នៅលើតំបន់ Red Square នៅម៉ោង​១០៖០០នាទីយប់ (ម៉ោងក្នុង​ទីក្រុងម៉ូស្គូ)។ ម៉្យាងវិញទៀត​នៅតាមបណ្តា​ទីក្រុងជាច្រើនទៀត​ នៃប្រទេសរុស្ស៊ី​ក៏បាន​ការ​ដង្ហែរក្បួន​ព្យុហយាត្រា​រៀងៗខ្លួនផងដែរ ដើម្បីអបអរទិវាជ័យជម្នះ​នេះ៕