(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យប្រជាជន​កូរ៉េខាងត្បូង កុំបោះឆ្នោតឱ្យក្រុមអ្នក​នយោបាយ​អភិរក្សនិយម កាន់អំណាចសាជាថ្មីនៅកូរ៉េខាងត្បូង។ ការអំពាវនាវនេះ​ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង បង្ហាញទំនោរ​ដោយប្រយោល ​ចង់បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​កូរ៉េខាងត្បូង​ នៅក្នុងករណី​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី មិនមែនជា​អ្នកអភិរក្សនិយម​ដូចលោកស្រី ផាក គឺនហេ ដែលរបប​ដឹកនាំលោក គីម ជុងអ៊ុន ចាត់ទុកថា​ជាមេបញ្ហា​នៃភាពតានតឹង​បច្ចុប្បន្ន។ នេះបើតាមការ ចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinum នៅក្នុងបទអត្ថាធិប្បាយ​របស់ខ្លួនបាន​បញ្ជាក់ថា ការរាំងខ្ទប់​មិនឱ្យក្រុមអ្នក​នយោបាយអភិរក្សនិយម ​កាន់អំណាចជាថ្មីនៅកូរ៉េខាងត្បូង នឹងក្លាយជា​ផ្លូវឆ្ពោះទៅរក​នយោបាយថ្មី និងជិវិតថ្មី​សម្រាប់ប្រជាជន​កូរ៉េខាងត្បូង។ កាសែតនេះ​បន្ថែមថា ប្រជាជន​កូរ៉េខាងត្បូង គួរតែកុំបោះឆោ្នត​ឱ្យពួកអាយ៉ង​នៃពួកអភិរក្ស​និយម ដែលរួមគំនិត​ជាមួយលោកស្រី ផាក តាមរយៈការបោះឆ្នោត​នៅថ្ងៃនេះ ​ឱ្យដូចគ្នាទៅនឹងការដាក់​ទោសទណ្ឌ​លើលោកស្រី ផាក ផងដែរ។

គួរបញ្ជាក់ថា បើតាមការអាត្ថា​ធិប្បាយរបស់ Rodong Sinum នារយៈពេល​ចុងក្រោយនេះ ក្រុមអ្នក​ជំនាញ​មួយចំនួនបានសន្និដ្ឋាន​ថា កូរ៉េខាងជើង​ចង់ឱ្យលោក ​Moon Jae in ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ទាប់ពីលោក​បានបង្ហាញពីទំនោរ​ចង់បន្ធូរបន្ថយ​ភាពតានតឹង​ ជាមួយទីក្រុង​ព្យុងយ៉ាង តាមរយៈ​ការប្រឆាំងនឹង​ការដាក់​ពង្រាយ THAAD និងគោលយោបាយខ្លះរបស់លោក ដូណាល់ ត្រាំ ជាដើម។ ក៏ប៉ុន្តែមិនថា​ លោក Moon ឬអ្នកនរណា​ផ្សេងទេ ឱ្យតែកា្លយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺនៅតែត្រូវ​ការសហរដ្ឋអាមេរិក​ជាខ្នងបង្អែក ខណៈ​កូរ៉េខាងជើង​មានអាវុធ​នុយក្លេអ៊ែរ​នៅក្នុងដៃ៕