(វ៉ាស៊ីនតោន)៖ សេចក្តីព្រាង​ស្តីពីការចំណាយ​ប្រចាំឆ្នាំ២០១៧​នេះ ដែលបានអូស​បន្លាយអស់​រយៈពេល​យ៉ាងយូរ ​​បានលេចចេញមកហើយនៅដើមខែឧសភានេះ ដោយអង្គការ NASA នឹងទទួលបានថវិកាចំនួន ១៩.៦៥ពាន់លានដុល្លារ ពោល​គឺទទួលបាន ​៦២៨លានដុល្លារលើសការទាមទារពីខាងដើម​ សម្រាប់ NASA ដែលធ្វើឡើងដោយ​អតីតរដ្ឋាបាល​អាមេរិកទៅទៀត។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​សារព័ត៌មាន​វិទ្យាសាស្រ្ត Space News នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

សេចក្តីព្រាង​ការចំណាយ​ខាងលើនេះ បានបង្កើន​ថវិកាក្នុងចំនួនគួរ​ឲ្យកត់សម្គាល់សម្រាប់កម្មវិធី​រុករកទីអវកាស និង​កម្ម​វិធី​ផ្នែកខាងវិទ្យាសាស្រ្ត​ភព ហើយម៉្យាងវិញ​ទៀត​វាក៏ផ្តល់ការ​ឧបត្ថម្ភផងដែរ ដល់បណ្តាកម្មវីធី​មួយចំនួន​ផ្សេងទៀត ដែល​រដ្ឋ​បាល​​លោក ដូណាល់ ត្រាំ ព្យាយាម​លុបចោល ឬមួយក៏ធ្វើ​កំណែទម្រង់ នៅក្នុងសំណើ​កញ្ចប់ថវិកា​ប្រចាំឆ្នាំ២០១៨​របស់​ខ្លួន។

កម្មវិធីដែល​ទទួលការផលចំណេញ​ច្រើនជាងគេបំផុត នៅក្នុងសេចក្តីព្រាង​ការចំណាយនេះ គឺកម្ម​វិធី​រុក​រក​ទី​អវ​កាស​របស់​​អង្គ​ការ NASA ដែលទទួលបាន ៤.៣២ពាន់លានដុល្លារស្ទើរតែមួយពាន់លានដុល្លារ​ច្រើនជាង​សំណើទាមទារ ដើម ហើយថវិកា​សរុបនេះ​រួមបញ្ចូលទាំង​ការចំណាយចំនួន ២.១៥ពាន់លានដុល្លារ ទៅលើគម្រោង​នៃការផលិត​គ្រាប់រ៉ុក្កែត និង​១.៣៥ពាន់លានដុល្លារ​សម្រាប់គម្រោង​យានអវកាស Orion។

បន្ថែមពីនេះទីភ្នាក់ងារអវកាសអាមេរិក ក៏អាចយកថវិកាសម្រាប់កម្មវិធីរុករកទីអវកាស ដែលនៅសេសសល់ ទៅ​ធ្វើ​ការ​ឧបត្ថម្ភដល់​បច្ចេកវិទ្យាផ្សេងៗ ដូចជាប្រព័ន្ធចាប់យក និងបំផ្លាញអាចម៍ផ្កាយ សម្រាប់ប្រើប្រាស់​ក្នុងបេសកកម្ម​បង្វែរ​ទិស​ដៅ​អាចម៍ផ្កាយ​ ហៅកាត់ថា ARM ដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ មានផែនការលុបបំបាត់​ចោលក្នុងឆ្នាំ២០១៨​ផង​ដែរ​។

ចំណែកឯកម្មវិធី​វិទ្យាសាស្រ្តវិញ នឹងទទួលបាន​ថវិកា ៥.៧៦ពាន់លានដុល្លារ ដោយផ្នែក​វិទ្យាសាស្រ្ត​ទទួលបាន​ជិត ១.៨៥​លានដុល្លារ រាប់បញ្ចូលទាំង ៤០៨លានដុល្លារ​សម្រាប់​បេសកកម្ម Mars Rover ឆ្នាំ២០២០។ មួយវិញទៀតថវិកាឧបត្ថម្ភវិទ្យា​សាស្រ្តភពនេះ ក៏បូករួមទាំង ២៧៥លានដុល្លារ​សម្រាប់បេសកកម្មនៅព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) ដែល​រួមផ្សំ​ដោយយានហោះ​អង្កេតការណ៍ Europa Clipper និងយាន​សម្រាប់ចុះចតមួយ​ផ្សេងទៀត។

គួរបញ្ជាក់ថា យ៉ាងណាមិញ​ថវិកាឧបត្ថម្ភ​សម្រាប់កម្មវិធី​មួយ​ចំនួន​​ផ្សេង​ទៀត បានថយចុះក្រោម​ចំនួននៃការទាមទារ​​កាល​ពីខាងដើម រួមមានដូចជា​ កម្មវិធីផ្នែកវិទ្យាសាស្រ្ត​ផែនដី (១.៩២ពាន់លានដុល្លារ) កម្មវីធីបច្ចេក​វិទ្យាអវកាស (៦៨៦.៥លាន​ដុល្លារ) កម្មវិធីប្រតិបត្តិការ​ក្នុងលំហអាកាស (៤.៩៥ពាន់លានដុល្លារ) ដែលរួមបញ្ចូល​នូវ​​ស្ថានីយ៍អវកាស​អន្តរជាតិ និង​គម្រោង​ពាក់​ព័ន្ធ​​ដទៃ​ៗទៀត​៕