(អ៊ីស្រាអែល)៖ ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់​អាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ ត្រូវបានកងកម្លាំងប៉ូលិស​អ៊ីស្រាអែលបាញ់សម្លាប់​ ដោយចោទប្រកាន់ថា រូបនាង បានព្យាយាម​វាយប្រហារដោយកាំបិតទៅលើ​សមត្ថកិច្ចនៅតំបន់ Damascus Gate នៅក្នុងទីក្រុង​ហ្សេរុយសាឡឹម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

អ្នកនាំពាក្យប៉ូលិស​អ៊ីស្រាអែល​ លោក Micky Rosenfeld បានថ្លែងថា «នារីជាភេរវករ​នេះ​បានដើរសំដៅ​ទៅរកមន្រ្តី​ប៉ូលិស​​ព្រំដែន ដែលកំពុង​យាមល្បាត​នៅតំបន់ព្រំដែន Damascus Gate និងបានលើក​កាំបិតគ្រវីឡើង ​ព្រមទាំង​​ស្រែក​ថា Allahu Akhbar ស្របពេល​ដែលព្យាយាម​វាយប្រហារ​លើកម្លាំងសមត្ថកិច្ច ហើយ​ភេរវកររូបនេះ​ត្រូវបានបាញ់ និង​បណ្តាលឲ្យ​រង​របួស​​ជាទម្ងន់។ ភ្លាមៗក្រោយមក​តំបន់កើតហេតុ​ក៏ត្រូវបានបិទ​មិនឲ្យ​ចេញ​ចូល ហើយសន្តិសុខ​ត្រូវបានរឹតបន្តឹង​ស្រប​ពេល​ដែល​យើង​​ធ្វើការកំណត់​អត្តសញ្ញាណ របស់ភេរវករ​រូបនោះ និងប្រភព​​ថា​ ​តើរូបនាងមកពី​កន្លែងណា»

យោងតាមក្រសួង​សុខាភិបាលប៉ាឡេស្ទីន​យុវតីម្នាក់នោះ មានឈ្មោះថា Fatima Abed el-Rahman Hajiji មកពីភូមិ Qarawat Bani Zeid ភាគខាងជើង​ទីក្រុង Ramallah នៃប្រទេស​ប៉ាឡេស្ទីន៕