(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានផ្ដល់យោបល់ដល់លោក ដូណាល់ ត្រាំ កុំឱ្យតែងតាំងលោក Michael Flynn ជាទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក មុននឹងត្រូវបង្ខំចិត្ត​លាលែងពីតំណែងនេះ​នៅពីរសប្ដាហ៍បន្ទាប់។ នេះបើតាមអតីត​មន្ត្រីនៃរដ្ឋបាលលោក អូបាម៉ា ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

មន្ត្រីរូបនេះ​ដដែល​ថ្លែងនៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះថា នៅក្នុងជំនួបលើក​ដំបូងជាមួយ លោក ដូណាល់ ត្រាំ នៅសេតវិមាន ប៉ុន្មានម៉ោងក្រោយការបោះឆ្នោត លោក បារ៉ាក់ អូបាម៉ា បានព្រមានលោក ត្រាំ កុំឱ្យតែងតាំងលោក Flynn ជាទីប្រឹក្សា​សន្តិសុខជាតិ ក្រោមហេតុផល​នៃអាកប្បកិរិយា​របស់លោក។ លោក Flynn ត្រូវបានលោក អូបាម៉ា តែងតាំងជា​នាយកទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​យោធាអាមេរិក (DIA) កាលពីឆ្នាំ​ ២០១២ ក៏ប៉ុន្តែពីរឆ្នាំ​ក្រោយមក លោក អូបាម៉ា បានជំរុញ​ឱ្យលោក Flynn លាលែងពីតំណែង ដោយសារតែ​អាក្បកិរិយា​ប្រឆាំងនឹង​រដ្ឋបាលរបស់​លោក និងការចេះតែបង្កឱ្យមានពាក្យចរចាអារាមផ្ទៃក្នុង។

ដោយឡែកជុំវិញ​បញ្ហានេះដែរ អតីតអគ្គរដ្ឋ​អាជ្ញាអាមេរិក លោកស្រី Sally Yates និងអតីត​ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក លោក James Clapper កាលពីថ្ងៃចន្ទ ក៏បានផ្ដល់​សក្ខីកម្ម​នៅចំពោះមុខ​អនុគណៈកម្មាធិការយុត្តិធម៌ ព្រឹទ្ធសភា​អាមេរិក ពាក់ព័ន្ធនឹង​ទំនាក់ទំនងរវាង លោក Flynn ជាមួយអគ្គ​រដ្ឋទូតរុស្ស៊ី​ប្រចាំទីក្រុងវ៉ាស៊ីនតោន ក្រោមក្របខណ្ឌ​នៃការស៊ើបអង្កេត​លើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ ក៏ប៉ុន្តែ លោកស្រី Yates និងលោក James Clapper មិនបាន​បញ្ជាក់អ្វីច្រើន​នោះទេ តែលោកស្រី Yates បាននិយាយថា លោកស្រីធ្លាប់​បានព្រមាន​សេតវិមាន​កាលពី ខែមករាថា លោក Flynn ជាមនុស្ស​ងាយរងគ្រោះ​ដោយការគំរាមកំហែង​ពីរុស្ស៊ី។

គួរបញ្ជាក់ថា លោកស្រី Sally Yates ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពី​តំណែងភ្លាមៗ​កាលពីថ្ងៃទី០៣ ខែមករា បន្ទាប់ពី ហ៊ានចេញមុខ រិះគន់លើ​គោលនយោបាយ​អន្តោប្រវេសន៍ ដែលហាមប្រជាជន​មូស្លីម នៃប្រទេសចំនួន០៦ ចូលក្នុងទឹកដី​អាមេរិក។ ចំណែកឯ លោក Michael Flynn បាន លាលែងពីតំណែង​កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយលេចលឺ​រឿងអាស្រូវមានទំនាក់ទំនង​ជាមួយទីក្រុងម៉ូស្គូ៕ ​