(បរទេស)៖ ជនភៀសខ្លួនយ៉ាងហោចណាស់៨០នាក់ រួមមានទាំងស្រ្តីនិងកុមារ បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបាន​លិច​ចូលទៅក្នុងផ្ទៃសមុទ្រ ក្បែរឆ្នេរនៃប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ដំណឹងខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកដែលមានបុណ្យកុសលខ្ពស់ បានរួចនៅរស់ផុត​ពីចង្កូមមជ្ជុរាជ នៅ​ក្នុង​សោកនាដ​កម្ម​ដ៏​គួរ​ឲ្យ​​រន្ធត់​ថ្មី ​ចុង​ក្រោយ​មួយទៀតពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន ប្រាប់ទៅកាន់​ទីភ្នាក់​ងារ​​​ការ​ពារ​ជន​ភៀសខ្លួនរបស់​អង្គ​ការ​សហ​ប្រជា​ជាតិ។

គួរបញ្ជាក់ថា មនុស្សសរុបចំនួន១៣២នាក់ បានឡើងជិះធ្វើដំណើរនៅលើទូកខ្យល់មួយគ្រឿង កាលពីថ្ងៃសុក្រសប្តាហ៍​មុន​នេះ ក៏ប៉ុន្តែវាក៏បានចាប់ផ្តើមលិចចូលទៅក្នុងផ្ទៃទឹកបន្តិចម្តងៗ នៅប៉ុន្មានម៉ោងក្រោយមក ហើយមានអ្នកនៅរស់រានមាន​ជីវិតប្រមាណតែ៥០នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះដោយកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលបានដឹកពួកគេទាំងនោះ​មកទម្លាក់នៅតំបន់ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលីនាថ្ងៃអាទិត្យម្សិលមិញ៕