(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងបង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ី តាមរយៈការបន្ថែម​ការ​ចំណាយជិត​៨ពាន់លានដុល្លារ ទៅលើការធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធយោធា, ការបង្កើតសមយុទ្ធ​យោធា​ច្រើន​​ជាងមុន, និងការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់។ ព្រមពេលជាមួយគ្នា ការបោះជំហាននេះ ត្រូវបានធ្វើឡើងចំពេល​ដែល​​ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងរបបដឹកនាំទីក្រុងព្យុងយ៉ាង កំពុងបន្តមានភាពតានខ្លាំង។ នេះបើតាមការ​សេច​ក្តីរាយការណ៍​របស់សារព័ត៌​មានអាមេរិក Wall Street Journal ដកស្រង់​​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅ​យប់​ថ្ងៃ​ចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

តំបន់អាស៊ីបាននិងកំពុងលេចធ្លោខ្លាំង នៅលើឆាកអន្តរជាតិអស់ពេលច្រើនសប្តាហ៍កន្លងមកនេះ ដោយសារតែភាពតាន​យ៉ាង​ក្តៅ​គគុគរវាង​សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាន់​គោល​ជំហរ​តឹង​រ៉ឹងជាងមុនដាក់ទីក្រុងព្យុងយ៉ាង នៅក្រោយពេលដែលរដ្ឋកុម្មុនិស្តដ៏ចចេសរឹងរូសមួយនេះ បានបង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​យោធារបស់ខ្លួន និងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ និងច្រើនសាបន្តបន្ទាប់គ្នា ហើយ​ថែម​ទាំង​បាន​ប្តេជ្ញាថានឹង​ធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ទៀតផង។

ម៉្យាងវិញទៀត ដោយសារតែការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗនិងម៉ឹងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោន បូករួមទាំងការវាយប្រហារ​ដោយគ្រាប់មីស៊ីលយ៉ាងចាស់ដៃទៅលើមូលដ្ឋានទ័ពស៊ីរី ក៏ដូចជាវត្តមានក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និង​នាវាមុជទឺកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan នៅដែនទឹកក្បែរឧបទ្វីបកូរ៉េទៀតនោះ មានមតិជាច្រើនព្រួយ​បារម្ភថាការប្រើកម្លាំងយោធាប្រឆាំងកូរ៉េខាងជើង អាចនឹងកើតមានឡើងប្រាកដមែន។ យ៉ាងណាមិញអ្នកជំនាញមួយចំនួន​ផ្សេងទៀត បានលើកឡើងថា វានឹងពុំមានការប្រយុទ្ធគ្នាក្នុងកម្រិតធ្ងន់ធ្ងរណាមួយរវាងប្រទេសទាំងពីរនេះឡើយ៕