(អង់ការ៉ា)៖ ក្រោយឈ្នះឆ្នោត​ប្រជាមតិ ប្រទេសតួកគីមិនទទួលបាន​ស្ថេរភាពដូចការរំពឹង​ទុកឡើយ។  ផ្ទុយទៅវិញប្រធានាធិបតីលោក រ៉េសិប តាយយីប អឺដូហ្គាន់ បានប្រើប្រាស់​អំណាចថ្មីដែលខ្លួនមាន ដើម្បីកំចាត់ចោល​បុគ្គលតិចតួច​ទាំងប៉ុន្មាន​ដែលនៅសេសសល់ ដោយចេញនូវ​បញ្ជីចាប់ខ្លួនមនុស្ស ២១៥,០០០នាក់ដាក់គុកនៅក្នុងខេត្ត​ចំនួន ៨១ នៅទូទាំងប្រទេសតួកគី។ នេះបើតាមការសេចក្តីរាយការណ៍​មួយ ដែលត្រូវបានផ្សព្វផ្សាយនៅល្ងាចថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

បញ្ជីដែលបង្ហាញ​ពីយុទ្ធការបន្សុទ្ធកម្ម​របស់រដ្ឋាភិបាលនេះ ត្រូវបានចុះផ្សាយ​ដោយសារព័ត៌មាន មួយដែលគាំទ្ររដ្ឋាភិបាលមានឈ្មោះថា yeniakit.com។ រដ្ឋាភីបាលមិនបានបញ្ជាក់ថា នេះជាព័ត៌មានពិត ឬគ្រាន់តែជា​ពាក្យចចាមអារាមនៅឡើយទេ ប៉ុន្តែវាបង្កជាការព្រួយបារម្ភ​ដល់ប្រជាជន​តួកគីជាច្រើន ព្រោះអ្នកបម្រើ​ការសាធារណៈចំនួន ១៥០,០០០នាក់ត្រូវបានបណ្ដេញចេញ​ពីដំណែងរួចមកហើយ ១១០,០០០នាក់ត្រូវបានចាប់ខ្លួន និង ៥០,០០០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ​ ដោយរងការចោទ​ប្រកាន់ថា មានទំនាក់ទំនង​នឹងចលនា ហ្គូឡិន ដែលរដ្ឋាភិបាល​ហៅថា ក្រុមភេរវកម្ម។

ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលបាន​តាមប្រមាញ់ ចាប់ឃុំខ្លួន និង​ដកដំណែង​មនុស្សរាប់សែននាក់ ពីជួររដ្ឋាភិបាល និង​វិទ្យាស្ថានឯកជន​នានា។ ទោះបីទទួល​បានជ័យជំនះ​ក្នុងការបោះឆ្នោត​ប្រជាមតិចុង​ក្រោយក៏ដោយ ប្រធានាធិបតីនៅតែ បន្តយុទ្ធនាការ​បន្សុទ្ធកម្ម​របស់ខ្លួនដដែល។ ជនរងគ្រោះក្នុង​យុទ្ធនាការនយោបាយនេះ ភាគច្រើនជា​សមាជិកចលនាហ្គូឡិន។ ប៉ុន្តែក្នុងពេល​បច្ចុប្បន្ននេះ បរិយាកាស​នយោបាយតួកគី​កាន់តែកើនកំដៅ សូម្បីអ្នកគាំទ្រគណបក្សកាន់​អំណាចក៏ស្ថិតក្នុងគ្រោះ​ថ្នាក់ដែរ។

ជាក់ស្តែងអ្នកកាសែត ០២នាក់ ជាអ្នកគាំទ្រគណបក្ស​កាន់អំណាច AKP និង​បម្រើការឲ្យ សារព័ត៌មានដែលមាន​ទំនោរត្រូវរ៉ូវគ្នាជា​មួយរដ្ឋាភិបាល ត្រូវបានចាប់ខ្លួន​ពេលថ្មីៗនេះ។ សារព័ត៌មានមួយចំនួនបានចុះផ្សាយពីទស្សនៈអ៊ីស្លាម​ ដែលគាំទ្រទំនោរនយោបាយរបស់​រដ្ឋាភិបាល ក្នុងការដឹកនាំ​សង្គមក្រោមការអប់រំបែបអ៊ីស្លាម៕