(ហូជីមិញ)៖ ប្រជាពលរដ្ឋវៀតណាម​ប្រមាណ ៤០០,០០០នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺមិនឆ្លង រួមមានជំងឺទឹកនោម​ផ្អែម សម្ពាធឈាមឡើងខ្ពស់ និងជម្ងឺមហារីក ក្នុងមួយឆ្នាំៗ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​ស្តីការបង្ការ​ និងប្រយុទ្ធជាមួយ​ជំងឺមិនឆ្លង​ លោក Nguyen Thanh Long អនុរដ្ឋមន្រ្តីសុខាភិបាល​វៀតណាម​​បានឲ្យដឹងថា នៅក្នុងចំណោម​តួលេខអ្នកស្លាប់​ប្រចាំឆ្នាំ មនុស្សដល់ ៧០ភាគរយ បាន​ទទួលមរណភាព​ដោយសារតែជំងឺ​​មិន​ឆ្លង។ ក្នុងចំណោមការ​ស្លាប់បណ្តាលមកពី​ជំងឺមិនឆ្លងនោះ​ទៀតសោត អ្នកជំងឺ​រហូតដល់ទៅ​ ៤០ភាគរយ បានបាត់បង់​ជីវិត​នៅមុនវ័យ​៧០ឆ្នាំ។

យោងតាមលោក​អនុរដ្ឋមន្រ្តី ប្រជាជនវៀតណាមក្នុងស្រុក​ពុំសូវជាមានការយល់ដឹង​ច្បាស់ អំពីការទប់ស្កាត់ជំងឺ​ទាំងនេះ​ឡើយដោយ ៤៩ភាគរយ នៃបុរសគឺជាអ្នកជក់បារី និង៧៧ភាគរយ​នៃចំនួនពលរដ្ឋវៀតណាម​ទាំងមូលចូលចិត្ត​ពិសារគ្រឿង​ស្រវឹង។

គួរបញ្ជាក់ថា ជំងឺទាក់ទង​នឹងការជក់បារី​នៅក្នុងប្រទេស​អាស៊ានមួយនេះ ត្រូវបានគេប៉ាន់​ប្រមាណថា បានធ្វើឲ្យ​វៀតណាម​ខាតបង់​សេដ្ឋកិច្ចប្រមាណ ១​ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដោយឡែក​ប្រជាជនវៀតណាម ក្នុងជីវភាព​រស់​នៅ​ប្រចាំថ្ងៃតែងតែប្រើប្រាស់​អំបិលច្រើនលើសលប់​នៅក្នុងម្ហូបអាហារ​របស់ពួកគេ។ ជាមួយគ្នានេះ​ក្រសួងសុខាភិបាល​​​វៀត​ណាមបាន​កំណត់គោលដៅថា នឹងកាត់បន្ថយ​អត្រាអ្នកជក់បារី​ឲ្យបាន​ ៣០ភាគរយ ក៏ដូចជាអ្នកពិសា​គ្រឿងស្រវឹង​ឲ្យបាន​ ១០ភាគរយ នៅក្នុងឆ្នាំ២០២៥ ស្របពេលដែល​ប្រជាជនវៀតណាម​បច្ចុប្បន្ន មានចំនួន ៩០លាននាក់៕