(បារាំង)៖ ក្រោយលោក Macron ជាប់ឆ្នោតនោះ ពិធីស្បថឡើងកាន់តំណែងជាផ្លូវការត្រូវបាន​រដ្ឋាភិបាល​បារាំងប្រកាសថា នឹងរៀបចំឡើង​នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះហើយ ដោយលោកនឹងក្លាយប្រធានាធិបតីទី២៥ របស់សាធារណរដ្ឋបារាំង បន្តពីលោក ហ្វ្រង់ស័រ ហូឡង់ ដែលនឹងផុតអាណត្តិ ហើយលោកក៏ប្រាប់ទៅកាន់អ្នកគាំទ្រលោកស្រី Le Pen ថា លោកនឹងធ្វើឲ្យ​ពួកគេគ្មានមូលហេតុណាមួយ ទៅបោះឆ្នោតឲ្យលោកស្រីទៀតឡើយ។ នេះបើតាមការដកស្រង់​ពីបណ្តាញព័ត៌មាន​ទាន់ហេតុការណ៍ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្រោយការឈ្នះឆ្នោតនោះ លោក Macron ក៏បានសង្កត់ធ្ងន់ផងដែរថា លោកមានគោលដៅប្រយុទ្ធ​ប្រឆាំងនឹងកម្លាំង​ដែលបង្កការបែងចែក​ក្នុងប្រទេស ដែលការលើក​ឡើងបែបនេះ គឺសំដៅទៅ​លើយុទ្ធនាការ​របស់លោក​ស្រី Le Pen ដែលចង់បាន​ឯករាជ្យភាពស្ទើរគ្រប់វិស័យ​សម្រាប់បារាំង ដូចជាការមិនពឹងផ្អែកលើអឺរ៉ុបតទៅទៀត (ចាកចេញពីអឺរ៉ុប​ដូចអង់គ្លេស និងងាកទៅចាយលុយហ្វ្រង់ ជំនួសលុយអឺរ៉ូវិញ) ដែលប្រការទាំងនេះ បានបង្កឲ្យមេដឹកនាំអឺរ៉ុបទាំងអស់​មិនសប្បាយចិត្ត និងមិនចង់ឲ្យលោកស្រីឈ្នះឆ្នោត​នោះឡើយ។

គួរបញ្ជាក់ថា ក្រោយពីលទ្ធផល​ផ្លូវការចុងក្រោយ​បំផុត​ ពីក្រសួងមហាផ្ទៃនៃប្រទេសបារាំង​បានបញ្ជាក់​យ៉ាងច្បាស់ថា លោក Macron បាន​យក​ឈ្នះ​លើគូ​ប្រជែង ក្នុងសំឡេង​គាំទ្រចំនួន ៦៦.០៦ភាគរយ ទល់នឹង​​៣៣.៩៤ភាគរយនោះ មេដឹកនាំ​​នៃ​ប្រជាជាតិ​ជុំវិញ​​ពិភពលោករួមមាន ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump, នាយករដ្ឋមន្រ្តី​អង់គ្លេសលោកស្រី Theresa May, អធិការ​បតីអាល្លឺម៉ង់​លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តី​ដាណឺម៉ាកលោក Lars Loekke Rasmussen, ប្រធានាធិបតីចិន​លោក Xi Jinping, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ព្រមទាំងថ្នាក់ដឹកនាំប្រទេស​ជាមិត្តបារាំង​នានានៅលើ​សកលលោក បានចូលរួមផ្ញើសារជូនពរ ដ៏ដូចជាអបអរសាទរដល់លោក Macron និងកំពុងទន្ទឹងរង់ចាំ​ធ្វើ​ការ​ងារ​ជាមួយ​ប្រធានាធិបតី​ ជាប់ឆ្នោតបារាំងរូបនេះ​នាថ្ងៃខាងមុខ៕