(សេអ៊ូល)៖ ទោះបីជាប្រទេសកូរ៉េខាងជើង បានបង្ហាញសញ្ញាបន្ទន់ឥរិយាបថបន្តិចក៏ដោយ ក៏ក្រសួងការពារជាតិកូរ៉េខាងត្បូង​​បាននិយាយថា ខ្លួននៅតែរក្សា​ការប្រុងប្រយ័ត្នខ្ពស់​ដដែល ដើម្បីទប់ទល់នឹង​សកម្មភាពបង្ក​រឿងណាមួយ ពីសំណាក់កូរ៉េខាងជើង ខណៈការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី​ នឹងត្រូវធ្វើឡើងនៅ​ថ្ងៃអង្គារស្អែកនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ការបោះឆ្នោតប្រធានាធិបតី​កូរ៉េខាងត្បូង នឹងធ្វើឡើងនៅក្នុងបរិបទ​ដែលស្ថានភាព​នៅឧបទ្វីបកូរ៉េ កំពុងជួបភាពតាន​តឹង បន្ទាប់ពី​កូរ៉េខាងជើងបាញ់សាកល្បង​មីស៊ីលផ្លោង និងគំរាម​វាយប្រហារ​លើទីក្រុងសេអ៊ូល​ជាបន្តបន្ទាប់។ ក៏ប៉ុន្តែនៅថ្ងៃ​ចន្ទនេះដែរ ទីក្រុងព្យុងយ៉ាង តាមរយៈ​សារព័ត៌មាន​រដ្ឋ Rodong Sinmun បានអំពាវនាវ​ឱ្យបញ្ឈប់ការប្រឈមមុខ​ដាក់គ្នា រវាងបងប្អូន​បង្កើតកូរ៉េទំាងពីរ ក៏ដូចជាបើក​សករាជថ្មី​នៃការបង្រួបបង្រួមជាតិ ហើយថែមទំាង បាននិយាយថា បើអ្នកនយោបាយ​អភិរក្សនិយម នៅបន្តកាន់អំណាច នោះមាន​តែការបាក់បែកគ្នា​តែប៉ុណ្ណោះ។

ដោយឡែក​ទាក់ទិននឹងការបោះឆ្នោត​នេះដែរ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-gyun បានបញ្ជាក់យ៉ាងខ្លីថា « យោធាកូរ៉េខាងត្បូង​នៅតែរក្សាការ​ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីត្រៀម​ទប់ទល់នឹង​សកម្មភាពបង្ករឿង​ជាយថាហេតុណាមួយ ពីកូរ៉េខាងជើង»។  

គួរបញ្ជាក់ថា លោក Moon Jae in មកពីគណបក្ស​ប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា​ មានលទ្ធភាពខ្ពស់នឹងអាចជាប់ឆ្នោត​ជាប្រធានាធិបតី​កូរ៉េខាងត្បូងទី១៩។ លើសពីនេះ​ទៅទៀត បើសិនជា​លោក Moon ជាប់ឆ្នោតមែន​នោះ នយោបាយ​កូរ៉េខាងត្បូង​ចំពោះ​កូរ៉េខាងជើង អាចនឹងផ្លាស់ប្ដូរទាំង​ស្រុងក៏ថាបាន ត្បិតលោក​ធ្លាប់បានបង្ហាញ​ពីបំណងចង់ចរចាជាមួយកូរ៉េខាងជើង ដើម្បីបើកតំបន់ឧស្សាហកម្ម កេសុងឡើងវិញ ហើយនៅក្នុងករណីចាំបាច់​លោកថែមទាំងអះអាងថា មិនបាច់មាន​ទំនាក់ទំនងរឹងមំាពេក ជាមួយសហរដ្ឋអាមេរិក​ទៀតផង។

រីឯទីក្រុងព្យុងយ៉ាង​ក៏ធ្លាប់បានបង្ហាញជំហរគាំទ្រ លោក Moon ផងដែរ។ ទោះបីជាបែបនេះក្តី ដរាបណា កូរ៉េខាងជើង នៅតែមាន​អាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល​មិនអាចគ្មានសហរដ្ឋអាមេរិក​ជាដាច់ខាត៕