(កាប៊ុល)៖ កងទ័ពអាមេរិកឈរជើង​នៅអាហ្វហ្គានីស្ថាន ​នាថ្ងៃចន្ទនេះបានបញ្ជាក់ថា មេដឹកនាំជាន់​ខ្ពស់ម្នាក់​របស់ក្រុមសកម្ម​ប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានបាត់បង់ជីវិត​ក្នុងអំឡុងប្រតិបត្តិការរួមនៅខេត្ត Nangarhar ភាគកើតប្រទេស​អាហ្វហ្គានីស្ថាន កាលពីចុង​ខែមេសា​កន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

មេដឹកនាំជាន់ខ្ពស់ ISIS ឈ្មោះ Sheikh Abdul Hasib ត្រូវបានសម្លាប់​កាលពីថ្ងៃទី២៧ ខែមេសា នៅតំបន់ភាគត្បូង​នៃខេត្ត Nangarha ដែលត្រូវបានចាត់ទុកថា ជាមូលដ្ឋានស្នូល​របស់ក្រុម​សកម្មប្រយុទ្ធនេះ​ប្រចាំខេត្ត Nangarha នៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ នៃភាគខាងកើតរដ្ឋធានីកាប៊ុល។

ប្រតិបត្តិការខាងលើនេះ ដែលត្រូវបានធ្វើ​ឡើងដោយកងសន្តិសុខពិសេស​អាហ្វហ្គានីស្ថាន សហការជា​មួយកងទ័ព​អាមេរិក​ ជាលទ្ធផល​ក៏បានបណ្តាលឲ្យ​ប្រធានក្រុម​ប៉ុន្មាននាក់ផ្សេង រួមទាំងសមាជិក​នៃបណ្តាញភេរវករ ISIS ចំនួន៣៥នាក់បាន​បាត់​បង់ជីវិត​ទៅជាមួយគ្នា​ផងដែរ។

គួរបញ្ជាក់ថា កងទ័ពអាមេរិក​ និងអាហ្វហ្គានីស្ថាន បានកម្ចាត់​និងចាប់ខ្លួនក្រុមប្រយុទ្ធ​របស់បណ្តាញ ISIS អស់ជាច្រើនរយនាក់​​មក​ហើយ ស្របពេលដែល​ប្រតិបត្តិការយោធា​ដ៏ក្តៅគគុកប្រឆាំងនឹង​ក្រុមភេរវកម្ម នៅក្នុងប្រទេសអាស៊ី​ខាងត្បូងមួយនេះ នៅ​​តែ​បន្តធ្វើឡើង​ឥតឈប់ឈរ៕