(ភ្នំពេញ)៖ ទីបំផុតលទ្ធផលដែលគ្រប់គ្នាទន្ទឹងរង់ចាំអស់ជាច្រើនថ្ងៃ បានចេញមកហើយ ដោយលោក  Emmanuel Macron បានផ្តួលលោកស្រី Marine Le Pen ដោយសំឡេងគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់
៦៦.០៦ភាគរយ ទល់នឹង​​ ៣៣.៩៤ភាគរយ នៅក្នុងការបោះឆ្នោតជុំទីពីរផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។ ដូច្នេះសូមស្វែងយល់ពីជីវប្រវត្តិសំខាន់ៗ​របស់អនាគតប្រធានាធិបតីវ័យក្មេងដែល​ទើបជាប់ឆ្នោតរូបនេះដូចតទៅ៖

១៖ ប្រវត្តិសង្ខេបនៃការងារ និងទីកន្លែងកំណើត

* ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច ឧស្សាហកម្ម និងកិច្ចការបច្ចេកវិទ្យា។
* លោក Macron កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៧(វ័យ៣៩ឆ្នាំ) នៅទីក្រុង Amiens ប្រទេសបារាំង។
* លោកបម្រើឲ្យបក្សនយោបាយ En Marche មានន័យថា វិវត្តន៍ទៅមុខ ដែលលោកជាប្រធានពីឆ្នាំ២០១៦ដល់បច្ចុប្បន្ន។

២៖ ប្រវត្តិនៃជីវិតពីកុមារភាព និងការសិក្សា

* កុមារា Emmanuel Jean- Michel Macron ជាកូនរបស់លោកស្រី Francoise ដែលជាគ្រូពេទ្យម្នាក់ និងលោក Jean-Michel Macron ដែលជាសាស្ត្រាចារ្យ​ផ្នែកសសៃប្រសាទ​ប្រចាំសកលវិទ្យាល័យ Picardy។ កុមាររូបនេះភាគច្រើន​ទទួលបានការអប់រំ​នៅក្នុងសាលា Jesuites de La ក្រោយមកឪពុកម្តាយរបស់លោកត្រូវបានបញ្ជូនទៅបញ្ចប់ការសិក្សានៅសាលា Elite high school Lycee Henri-IV ក្នុងទីក្រុងប៉ារីស។

* បន្ទាប់មកយុវជន Macron ក៏សិក្សាផ្នែក​ទស្សនៈវិទ្យានៅ​សកលវិទ្យាល័យ University of Paris-Ouest Nanterre La Défense។ Macron ក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតឯកទេសកិច្ច​ការសាធារណៈ និងទទួលការហ្វឹកហាត់ផ្នែកសេវាស៊ីវិល​ជាន់ខ្ពស់​នៅសាលា École nationale d'administration ហើយបញ្ចប់ការ​សិក្សាក្នុង​ឆ្នាំ២០០៤។

៣៖ ប្រវត្តិស្នេហា និងជីវិតឯកជន

* លោក Macron បានរៀបការជាមួយនាង Brigitte Trogneux ក្នុងឆ្នាំ២០០៧  អ្វីដែលគួរចាប់​អារម្មណ៍នោះគឺ កូនក្រមុំរបស់លោក​មានវ័យចាស់ជាង​លោករហូតដល់​២៤ឆ្នាំ និងធ្លាប់ជាគ្រូ​បង្រៀនលោកផ្ទាល់​នៅសាលា La Providence នៅក្នុងទីក្រុង Amien។ ពួកគេជួបគ្នាជាលើកដំបូង ខណៈដែលលោក ស្ថិតក្នុងវ័យ១៥ឆ្នាំនៅឡើយ ប៉ុន្តែទំនាក់ទំនងស្នេហា ឈានដល់ដំណាក់កាលជាផ្លូវការនៅពេល​លោកស្ថិតក្នុងវ័យ១៨ឆ្នាំ។

* ការពិតឪពុកម្តាយរបស់លោក ដំបូងឡើយមានបំណង​ចង់បំបែក​គូស្នេហ៍នេះ ដោយបញ្ជូនលោក​ទៅទីក្រុងប៉ារីស ដើម្បីបញ្ចប់ការសិក្សា ដោយសារ​ពួកគេមានអារម្មណ៍ថា ការបង្កើតទំនាក់ទំនងនេះ​មិនសមរម្យទាល់តែសោះ។ យ៉ាងនេះក្តីគូស្នេហ៍មួយគូនេះ នៅតែតស៊ូ ដោយបានរស់នៅជាមួយគ្នាបន្ទាប់ពី​លោកបញ្ចប់​ការសិក្សា រហូតទីបំផុត​លោកបានរៀបការ​ក្នុងឆ្នាំ២០០៧។ ពួកគេរស់នៅជាមួយនឹងកូនបីនាក់ដែលជាកូនស្វាមីមុននៃភរិយាលោក។

៤៖ ប្រវត្តិការងាររដ្ឋ និងជីវិតនយោបាយ

* លោក Macron បានបម្រើការងារ ក្នុងនាមជាអ្នកអង្កេតការណ៍ហិរញ្ញវត្ថុ​ក្រសួងសេដ្ឋកិច្ចបារាំង នៅរវាងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៧ លោកបានបម្រើការងារជា​អនុប្រធានធ្វើ​របាយការណ៍​សម្រាប់បេសកកម្មដើម្បីជម្រុញកំណើនសេដ្ឋកិច្ច​បារាំងក្រោមការ​ដឹកនាំរបស់ Jacques Attali។ បុរសរូបនេះ បានចំណាយប្រាក់៥០,០០០អឺរ៉ូ ដើម្បីទិញខ្លួនរបស់លោក ចេញពីការជាប់កិច្ច​សន្យារដ្ឋាភិបាល​ក្នុងឆ្នាំ២០០៨ ដោយងាគទៅធ្វើអ្នកវិនិយោគធនាគារ ជាមួយនឹងតួនាទីដែលមានប្រាក់​បៀវត្សរ៍ខ្ពស់  នៅRothschild & Cie Banque ។

* លើកឡើងពីការងារនយោបាយវិញ លោកបានក្លាយជា​សមាជិកនៃបក្ស​សង្គមនិយម​ចាប់តាំងពី​ឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ រហូតដល់​ឆ្នាំ២០១៥ លោកបានប្រកាសថា​ លោកមិនមែន​ជាសមាជិកបក្ស​ណាមួយទៅទៀតឡើយ ដោយលោកជា​បុគ្គលឯករាជ្យ​គ្មានបក្ស​នយោបាយ។ ក្នុងរវាងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ លោកបានបម្រើ​ការងារក្នុងតួនាទី​ខ្ពស់មួយ​ ក្រោមការដឹកនាំរបស់​ប្រធានាធិបតី Hollade។

* លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគណរដ្ឋមន្ត្រីValls ទីពីរក្នុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក Macron លេចធ្លោដោយសារ​ការជម្រុញ កំណែទម្រង់​ពាណិជ្ចកម្មបែប​មិត្តភាព។

៥៖ បច្ចុប្បន្នភាពនៃការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០១៧នេះ

* នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក Macron បានលាលែងពី​ដំណែងរដ្ឋាភិបាល នៅមុនព្រឹត្តិការណ៍​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ២០១៧។ ដែលការ​លាលែងនេះ បានធ្វើឡើងភ្លាមៗ​បន្ទាប់ពីលោក​បានចាប់អារម្មណ៍​ពីភាពរីកចម្រើន​ថ្មី​របស់លោក ក្នុងចលនា​នយោបាយសំដៅ​លើបក្ស En Marche ដែលជាបក្ស​នយោបាយ​ឯករាជ្យ តែធ្លាប់រងការស្តី​បន្ទោសពីសំណាក់​ប្រធានាធិបតី Hollande។

* លោក Macron បានបង្កើតគណបក្សនេះឡើងនៅក្នុងទីក្រុង Amiens ដែលជាក្រុងកំណើត​របស់លោក។ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក Macron បានប្រកាសជា​ផ្លូវការអំពីការក្លាយជាបេក្ខជន​ប្រធានាធិបតី​បារាំង បន្ទាប់ពីស្ទង់មតិយោបល់​មនុស្ស​ជាច្រើន។ ក្នុងសេចក្តីប្រកាស​របស់លោក Macron បានអំពាវនាវឱ្យ​មានការធ្វើបដិវត្តន៍​ប្រជាធិបតេយ្យ ព្រមទាំងបាន​សន្យាថា​ នឹងរំដោះប្រទេសបារាំងចេញវិបត្តិឱ្យបាន។

* លោក Macron ត្រូវបានមតិមួយចំនួនចាត់ទុកថា​ លោកជាអ្នកសង្គម​និយមបែប​សេរី ខណៈដែល​មួយចំនួន ត្រូវបានមតិមួយ​ចំនួនចាត់ទុកលោក​ជាអ្នកសង្គមនិយម​តែបែប​ប្រជាធិបតេយ្យ។
* ក្នុងអំឡុងនៃពេលដែលលោកស្ថិតនៅក្នុងបក្សសង្គមនិយមបារាំង លោកបានគាំទ្រដល់បក្សស្តាំនិយម ដែលគោលជំហរនយោបាយរបស់បក្សនេះ តែតែងមានភ្ជាប់ជាមួយ​នឹងកម្មវិធី​នយោបាយ Third Way ។

* ដោយសារលោក Macron ជាអ្នកបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងធ្លាប់បម្រើការងារលើវិស័យនេះ អស់ជាច្រើនឆ្នាំនោះ ឱ្យមជ្ឈដ្ឋានទូទៅរំពឹងថា ការជាប់ឆ្នោតរបស់លោក Macron  អាចនឹងនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រែមុខមាត់ថ្មីសម្រាប់ប្រទេសបារាំង៕