(​អ៊ីរ៉ាក់)៖ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមចំរុះ​អន្តរជាតិ ដឹកនាំដោយ​សហរដ្ឋអាមេរិកបាន និងកំពុងធ្វើការវាយលុក​ដើម្បីកម្ទចពួក ISIS នៅក្នុងទីក្រុងម៉ូស៊ុល ចាប់តាំងពីខែតុលា ឆ្នាំ២០១៦មកម្លេះ ខណៈជនស៊ីវិលអ៊ីរ៉ាក់​នៅតែបន្តរងគ្រោះ ដោយក្នុងនោះ​មនុស្សរាប់សែននាក់កំពុងជាប់គាំង ចេញទៅ​ណាមិនរួច រីឯអ្នកខ្លះទៀត​ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស ឬក៏ការបាញ់ផ្លោង​ដាក់គ្នា​ទៅវិញទៅមក ស្របពេលចំនួន​ជនភៀសខ្លួន ចេះតែកើនឡើងពី​មួយថ្ងៃទៅ​មួយថ្ងៃ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានចិន CGTN​ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ អ្នកបើករថយន្ដ​សង្រ្គោះបន្ទាន់ ឱ្យកងកម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់ លោក Jassim Muhammad អាយុ ២៧ឆ្នាំ បានឱ្យដឹងថា រថយន្តសង្រ្គោះបន្ទាន់​ពិតជាពិបាក​ខ្លាំងណាស់ នៅពេលធ្វើដំណើរ​ដឹកអ្នករងរបួស ទៅកាន់មន្ទីរពេទ្យម្ដងត្បិតពួកគេ​ខ្លាចក្រែងរងការវាយប្រហារពីពួកអ្នក បាញ់កាំភ្លើងស៊ីប (Sniper)។ លោក Jassim បានបន្ថែមថា ទំាងក្រុមអ្នកប្រយុទ្ធ​ទំាងជនស៊ីវិល សុទ្ធតែកំពុង​សម្រកព្យាបាល​នៅមន្ទីរពេទ្យក្នុងទីក្រុង Hamam Al-alil នៃភាគខាងត្បូង​ទីក្រុងម៉ូស៊ុល ជាទីដែល​ប្រជាជនអ៊ីរ៉ាក់ កំពុងរស់នៅយ៉ាងលំបាក​វេទនា ក្រោមការគ្រប់គ្រង​របស់ពួក ISIS។

គួរបញ្ជាក់ថា បើតាមអ្នកប្រយុទ្ធឃើដ ពួក ISIS បានបង្ខាំងជនស៊ីវិលអ៊ីរ៉ាក់ មិនឱ្យចាកចេញពីទីក្រុងម៉ូស៊ុល ដើម្បីទុកធ្វើជាខែលការពារពួកវា ហើយបើនរណាហ៊ានរត់ នោះពួកវានឹង​សម្លាប់ចោល ឬក៏ធ្វើបាបដល់ក្រុមគ្រួសារ​សាច់ញាតិពួកគេតែម្តង៕